ភ្នំពេញ ៖ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីបានបញ្ចប់ ដោយជោគជ័យ នៃវគ្គបណ្តុះបណ្តាល ជំនាញបង្ហាត់កីឡាបាល់ទាត់ កម្រិត ‘គ’ សម្រាប់គ្រូកីឡា ក្នុងខេត្ត កំពង់ស្ពឺ ពិធីប្រគល់ វិញ្ញាបនបត្រ ក៏ត្រូវបានធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡាក្នុងខេត្តកំពង់ស្ពឺ ហើយវគ្គបណ្តុះបណ្តាល ជំនាញបង្ហាត់ កីឡាបាល់ទាត់កម្រិត ‘គ’ គឺជាផ្នែកមួយ នៃយុទ្ធនាការ របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកការងារ សង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីជួយលើកកម្ពស់កម្រិត បង្ហាត់កីឡាបាល់ទាត់ ក្នុងខេត្តកំពង់ស្ពឺ ។
ពិធីនោះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តកំពង់ស្ពឺ លោក Ohara Kazunori នាយកបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក ឡៃ សុធា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ចូលរួមក្នុងពិធីនោះដែរ មានលោក ឃួន ឡាបូរ៉ាវី ជំនួយការគ្រូបង្វឹក នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រីតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងគ្រូកីឡាខេត្តកំពង់ស្ពឺ ។
វគ្គបណ្តុះបណ្តាល ជំនាញបង្ហាត់បាល់ទាត់ កម្រិត ‘គ’ គឺជាកម្មវិធីថ្មីបំផុត នៃកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ ក្នុងខេត្តកំពង់ស្ពឺ របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស ។ ចាប់ផ្តើមក្នុងឆ្នាំ២០១៨ គំនិតផ្តួចផ្តើមនេះ បានផ្តល់ប្រយោជន៍ ដល់សិស្សានុសិស្ស ជាង ៥៩.៥០០ នាក់ គិតមកដល់បច្ចុប្បន្ន ។
កម្មវិធីនេះ បានចាប់ផ្តើមជាមួយនឹងវគ្គបង្ហាត់ កម្រិតមូលដ្ឋានកម្រិត ‘ឃ’ ដោយមានការចូលរួមពីគ្រូកីឡា ១២០ នាក់ មកពីវិទ្យាល័យ និងអនុវិទ្យាល័យ ៩៣ ក្នុងខេត្តកំពង់ស្ពឺ ។ បន្ទាប់មក ជំនាញបង្ហាត់របស់ពួកគេ ត្រូវបានធ្វើតេស្ត តាមរយៈការប្រកួតបាល់ទាត់ យុវជនខ្នាតតូច អាយុក្រោម ១៨ ឆ្នាំ ដែលបានរៀបចំឡើង នៅក្នុងខេត្តកំពង់ស្ពឺ ។ សិស្សានុសិស្សប្រុស ស្រីប្រមាណ ៦០០ នាក់ បានបញ្ចប់ការ ប្រកួតរយៈពេល ៤ ថ្ងៃ និងបានបង្ហាញ ជំនាញលេងបាល់ របស់ពួកគេបន្ទាប់ពីទទួល បានចំណេះដឹងពីគ្រូបង្ហាត់ ។
បន្ទាប់មក សមត្ថភាពបង្ហាត់ ត្រូវបានវាយតម្លៃ ហើយគ្រូកីឡា ១៤ នាក់ដែលបានពិន្ទុខ្ពស់ជាងគេ ត្រូវបានជ្រើសរើស ដើម្បីបន្តទៅវគ្គបណ្តុះបណ្តាលកម្រិត ‘គ’ រួមទាំងគ្រូកីឡា ៦ នាក់ មកពីអង្គការផ្តាយសមុទ្រ ។ ដឹកនាំដោយគ្រូបច្ចេកទេស លោក Ohara វគ្គបណ្តុះបណ្តាល រយៈពេល ២ សប្តាហ៍នេះ បានផ្តល់បច្ចេកទេសបង្ហាត់ កីឡាបាល់ទាត់កម្រិតខ្ពស់ ដើម្បីឲ្យគ្រូកីឡាទទួល បានការបង្ហាត់កម្រិតអាជីព ។ គ្រូកីឡា បានរៀនពីរបៀបរៀបចំផែនការក្រុម និងផ្តល់ការបង្ហាត់ ដល់សិស្សរបស់ពួកគេដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីបាល់ទាត់ ដ៏មានសក្តានុពល សម្រាប់អនាគត ។ គ្រូដែលបានបញ្ចប់វគ្គ ដោយជោគជ័យ បានទទួលវិញ្ញាបនបត្រផ្លូវការកម្រិត ‘គ’ ដែលចេញ ដោយសហព័ន្ធកីឡាបាល់ទាត់ ។
នៅក្នុងពិធីនោះ គណៈអធិបតី ៣ រូប បានថ្លែងសុន្ទរកថា ទៅកាន់អ្នកចូលរួម ។ លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឲ្យដឹងថា “យើងមានសេចក្តីរីករាយ ដែលបានក្លាយជាផ្នែកមួយ នៃកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ របស់ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលបានជួយបង្កើន ជំនាញបង្ហាត់កីឡាបាល់ទាត់ ដល់គ្រូកីឡា និងជួយដល់សិស្សានុសិស្សរបស់យើង ។ ខ្ញុំពេញចិត្តយ៉ាងខ្លាំង ដែលអាចស្វែង រកកីឡាករ-កីឡាការិនីបាល់ទាត់វ័យក្មេង ដែលពោរពេញដោយទេពកោសល្យ នៅក្នុងខេត្តកំពង់ស្ពឺ ។ វាបានជួយបង្កើន សមត្ថភាព និងចំណេះដឹងដល់ ពួកគេរហូតដល់ពួកគេត្រូវបានជ្រើសរើស ចូលក្នុងជម្រើសជាតិយុវជន” ។
ចំណែកលោក Ohara នាយកបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែង អំណរគុណ ដល់គ្រូកីឡា ដែលបានចំណាយពេលផ្ទាល់ខ្លួន ចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងអបអរសាទរ ដល់គ្រូដែលទទួលបានវិញ្ញាបនបត្រកម្រិត ‘គ’ ។ លោកសង្ឃឹមថា ពួកគេនឹងប្រើចំណេះដឹង និងជំនាញ ដែលពួកគេបានរៀន ពីវគ្គបណ្តុះបណ្តាល ទៅបង្ហាត់ដល់សិស្សរបស់ពួកគេ រួមទាំងទ្រឹស្តី និងការអនុវត្ត ។ គាត់ចង់ឃើញសិស្សកាន់តែច្រើន ទទួលបានប្រយោជន៍ពីកម្មវិធីនេះ និងត្រូវបានជ្រើសរើស ដើម្បីទទួលបានការបណ្តុះបណ្តាលបន្ថែម និងក្លាយជាក្តីសង្ឃឹម សម្រាប់ប្រទេសជាតិ ។
លោក ឡៃ សុធា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងផងដែរថា “តាងនាមឲ្យសហព័ន្ធកីឡាបាល់ ទាត់កម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ដល់ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលបានផ្តួចផ្តើមកម្មវិធីនេះ ដែលបង្កើតឲ្យមានគ្រូកម្រិត ‘ឃ’ និង ‘គ’។ គ្រូកីឡា ដើរតួយ៉ាង សំខាន់ នៅក្នុងការជួយជ្រោមជ្រែង អភិវឌ្ឍកីឡាកម្រិតមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា ហើយតាមរយៈកម្មវិធីនេះ យើងមានសេចក្តី រីករាយ ដែលពួកគេអាចបណ្តុះបណ្តាល សិស្សរបស់ពួកគេ ក្នុងកម្រិតអាជីព ។
ជារឿងដ៏ប្រពៃដែលយើង អាចផលិតបានកីឡាករ-កីឡាការិនីវ័យក្មេង ចេញពីខេត្តកំពង់ស្ពឺ” ។
គួរដឹងផងដែរថា ណាហ្គាវើលដ៍បេះដូង សប្បុរស បានឈ្នះពានរង្វាន់ អន្តរជាតិ ដ៏មានកិត្យានុភាពជាច្រើន រួមមាន ពានរង្វាន់ប្រាក់ Stevie® ក្នុងឆ្នាំ២០២១ និងពានរង្វាន់ Stevie® សំរឹទ្ធិក្នុងឆ្នាំ២០២០ សម្រាប់កម្មវិធីការងារ សង្គមឆ្នើមប្រចាំ ឆ្នាំប្រចាំទ្វីបអាស៊ី អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ព្រមទាំងពានរង្វាន់ សហគ្រាសមានទំនួលខុសត្រូវ ប្រចាំទ្វីបអាស៊ី ក្នុងផ្នែកលើកស្ទួយសង្គម ក្នុងឆ្នាំ២០១៩ ផងដែរ ៕