កីឡា

លោកសុខ សប្បាយណា ៖ សិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែង ក្របយកចំណេះដឹងថ្មីៗ ការរៀបចំ ដឹកនាំ និងគ្រប់គ្រងការ ប្រកួតក្នុងកម្រិតជាតិ អន្តរជាតិ

ភ្នំពេញ ៖ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ តំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្របគ្រង់ និងរៀបចំព្រឹត្តិការណ៍កីឡា និងអគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងតំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តបានអញ្ជើញចូលរួម ពិធីបើកជាផ្លូវការវគ្គបំប៉សមត្ថភាព ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិ ។

លោក ហួត សេងទ្រី បាននិយាយថា វគ្គបំប៉នស្តីពីការរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡាជូនដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ។ វគ្គបំប៉នសមត្ថភាពស្តីពីការរៀបចំការ ប្រកួតនេះមានសិក្ខាម ចូលរួមចំនួន៥០នាក់ អញ្ជើញមកពីមន្ទីរ អប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ។

លោកប្រធាននាយកដ្ឋានថា វគ្គបំប៉ននេះ ពិតជាមានសារសំខាន់ សម្រាប់សិក្ខាកាម ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្រ្តីកីឡានៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឲ្យការរៀបចំមានស្តង់ដា តែមួយស្រប ទៅតាមលក្ខណៈជាតិ និងអន្តរជាតិឲ្យមានការយល់គ្នា រវាងគណៈកម្មការរៀប ចំការប្រកួត និងអ្នកដឹកនាំការងារបច្ចេកទេស ដើម្បីរួមគ្នាឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣។
លោក សុខ សប្បាយណា បានមានប្រសាសន៍ថា ក្នុងនាមលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះអង្គភាពជំនាញ និងអគ្គនាយកដ្ឋានកីឡា ជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡាបានខិតខំ ប្រឹងប្រែង បំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈនេះ ព្រមទាំងអញ្ជើញ ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្រ្តីកីឡា នៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឲ្យការរៀបចំមានស្តង់ដាស្រប តាមការរៀបចំក្នុងតំបន់ ជាពិសេស ការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកបានបន្តថា ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលអញ្ជើញចូលរួមក្នុងវគ្គដ៏មានតម្លៃនាពេលនេះ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងក្របយកចំណេះដឹងថ្មីៗ ដែលគ្រូបានផ្តល់ឲ្យ ដើម្បីយកទៅអនុវត្តក្នុងការរៀបចំ ដឹកនាំ និងគ្រប់គ្រងការប្រកួតក្នុងកម្រិតជាតិ អន្តរជាតិឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅឆ្នាំ២០២៣ ៕

Most Popular

To Top