កីឡា

ក្រសួងមហាផ្ទៃ គ្រង់តំណែងជើងឯក នៃការប្រកួតកីឡាសូហ្វតិន្នីស ជើងឯកថ្នាក់ជាតិ និងដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៩

ភ្នំពេញ ៖ សមាគមកីឡាសូហ្វតិន្នីស ក្រសួងមហាផ្ទៃ គ្រង់តំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯក ថ្នាក់ជាតិ លើកទី៦ និងការប្រកួតកីឡាសូហ្វតិន្នីស ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ ២០២២ បន្ទាប់ពីសមាគមនេះ ដណ្តើមមេដាយមាស រហូតដល់ ៦ គ្រឿង ។

ក្នុងឳកាសពិធី និងប្រគល់ជយលាភីដល់កីឡាករ -កីឡាការិនីសូហ្វតិន្នី នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល កីឡាក្រសួង មហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជា ប៊ុនហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និង លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ។

សមាគមកីឡាសូហ្វតិន្នីសក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៦គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ ១គ្រឿងឈរចំណាត់លេខ១ សមាគមកីឡាសូហ្វតិន្នីស អគ្គ.នគរបាលជាតិដណ្តើមមេដាយមាស ២ គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ ៤ គ្រឿង សមាគមកីឡាសូហ្វតិន្នីស ក្រសួងការពារជាតិដណ្តើមមេ ដាយមាស ១ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ១ គ្រឿង សមាគមកីឡាសូហ្វតិន្នី ខេត្តកំពង់ឆ្នាំងដណ្តើម ប្រាក់១គ្រឿង និងសំរិទ្ធ ១ គ្រឿង និងសមាគមកីឡាសូហ្វតិន្នី ខេត្តកំពង់ស្ពឺដណ្តើមសំរិទ្ធ ១ គ្រឿង។

ការប្រកួតនេះប្រើប្រាស់ ថវិកាគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡាធ្វើឲ្យសហព័ន្ធ កីឡាសូហ្វតិន្នីស កម្ពុជាបានរៀបចំការ ប្រកួតរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១ បញ្ចប់ទៅប្រកប ដោយជោគជ័យ ក្នុងនោះមានសមាគមចូលរួម ប្រកួតដូចជាសមាគម កីឡាក្រសួងមហាផ្ទៃ សមាគមកីឡា អគ្គ.នគរបាលជាតិ សមាគមកីឡា ក្រសួងការពារជាតិ សមាគមកីឡា ខេត្តកំពង់ស្ពឺ សមាគមកីឡា ខេត្តកំពង់ឆ្នាំង សមាគមកីឡា ខេត្តត្បូងឃ្មុំ និងសមាគមកីឡា អូឡាំពិក។ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ចំនួន ៧៤នាក់ ក្នុងនោះប្រតិភូ-គ្រូបង្វឹកចំនួន ១២នាក់ កីឡាករចំនួន ៣៨នាក់ កីឡាការិនីចំនួន ២៤នាក់ ដែលមានវិញ្ញាសាប្រកួតចំនួន ៩វិញ្ញាសា ៖

លោកបណ្ឌិត ជា ប៊ុនហេង បានមានប្រសាសន៍ថា ការចូលរួមលើកទឹកចិត្តឧបត្តម្ភគាំទ្រ គឺជាថាមពល ដ៏ខ្លាំងក្លា ដើម្បីជំរុញ និងអភិវឌ្ឍកីឡា សូហ្វតិន្នីស កម្ពុជា ឲ្យកាន់តែមានសន្ទុះជឿនលឿន និងខ្លាំងក្លាបន្ថែមទៀត ។ ក្នុងនាម សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមប្តេជ្ញាចិត្តថា នឹងបូជានូវ កម្លាំង កាយចិត្ត ខិតខំប្រឹងប្រែងពង្រឹងនូវ វិស័យកីឡាមួយនេះ ឲ្យកាន់តែមានប្រជាប្រិយភាព ភាពល្បីល្បាញ និងមានមោទនភាពទាំងថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ជាពិសេស គឺជួយជម្រុញ ដាស់ស្មារតីទឹកចិត្តកីឡាករ កីឡាការិនីឲ្យមានភាពស្វាហាប់ និងប្រកួតប្រជែងខ្ពស់ ដើម្បីដណ្តើមយកជ័យលាភី ជូនជាតិមាតុភូមិ ៕

Most Popular

To Top