Manchester United ត្រូវបានរាយការណ៍ថា យល់ព្រមបាត់បង់ Cristiano Ronaldo នៅរដូវកាលនេះ ប៉ុន្តែមិនមែនលក់ទេ គឺគ្រាន់តែចង់ឲ្យក្លឹបផ្សេង ខ្ចីជើងសិនតែប៉ុណ្ណោះ។
ប្រភពពីសារព័ត៌មានអង់គ្លេស បានឲ្យដឹងថា បិសាចក្រហមចង់បន្ថែមកុងត្រាថ្មី ឲ្យ Ronaldo ត្បិតកីឡាករចង់ចាកចេញពីកីឡដ្ឋាន Old Trafford ក៏ដោយ។ Man Utd នឹងបញ្ជូន Ronaldo ឲ្យក្លឹបផ្សេងខ្ចីជើងសិន ដើម្បីឲ្យគេបំពេញបំណងបានលេងនៅ Champions League នៅរដូវកាលក្រោយ។
United សង្ឃឹមថាឈានចូលរដូវកាលថ្មី ក្រោមការដឹកនាំរបស់លោក Erik ten Hag នឹងអាចប្រជែងយកបានកៅអី ទៅលេងនៅ UCL វិញ។ ពេលដែល United រកបានកន្លែងទៅលេងនៅ UCL នោះពួកគេនឹងនាំយក Ronaldo មកវិញជាមួយនឹង ការបន្ថែមកុងត្រាមួយឆ្នាំទៀត។
សំណើដាក់ឲ្យខ្ចីជើង ត្រូវបានក្លឹបលើកឡើង ក្នុងការពិភាក្សាជាមួយភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes។ Ronaldo និង Mendes ពិតជាភ្ញាក់ផ្អើលសម្រាប់សំណើនេះ ប៉ុន្តែពួកគេមិនទាន់ធ្វើការបដិសេធណាមួយនៅឡើយទេ៕ Source: Sabay