កីឡា

បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២ សម្រាប់ជនពិការ ខ្សោយសតិបញ្ញា

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាអនុប្រធាន ក្នុងនាមគណ:កម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញ បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២ សម្រាប់ជនបញ្ញាខ្សោយ។

សម្រាប់ការប្រកួតនេះមាន៣ វិញ្ញាសា គឺ វិញ្ញាសាអត្តពលកម្ម ប៊ូល និងបាល់ទាត់ ដោយមានគ្រូបង្វឹក គណៈកម្មការបច្ចេកទេស អាណាព្យាបាល និងកីឡាករ-កីឡាការិនីសរុបប្រមាណ ១៥០ នាក់ មកពីខេត្តបន្ទាយមានជ័យ និងស្រុកជុំវិញខេត្តបាត់ដំបង ។ 

លោក សែម សុខា បានមានប្រសាសន៍ថា ក្នុងនាមឲ្យលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងខ្លួនខ្ញុំផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ចំពោះលោកអភិបាលខេត្តបាត់ដំបង ជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្ម លើគ្រប់វិស័យ ជាពិសេសវិស័យកីឡា ស្ប៉េស្បាល់អូឡាំពិកកម្ពុជា និងសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមលើកស្ទួយ និងរួមចំណែកជួយលើវិស័យពិការភាព ជាពិសេសវិស័យកីឡា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា។ 

លោកបានបន្តថា គណៈកម្មាធិការជាតិស្បេស្បាល់អឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ ពង្រឹងពង្រីកចលនា ស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្ត នានា ព្រមទាំងបានបណ្តុះបណ្តាល មន្ត្រីជំនាញ ធ្វើការហ្វឹកហាត់ ដល់ជនពិការ ខ្សោយសតិបញ្ញាក្នុងគោលបំណងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមក្នុងសកម្មភាពសង្គម ។  តាមអនុក្រឹត្យស្តីពីការផ្តល់ប្រាក់រង្វាន់ ចំពោះជ័យលាភីជនពិការសម្រាប់ការប្រកួត កីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វឹក គ្រូបង្វឹកជំនួយ និងការរៀបចំព្រឹត្តិការណ៍ជាតិសម្រាប់ ជនមានពិការភាពជាដើម។

ក្នុងឳកាសបើកការប្រកួតនេះ ក៏មានពិធីប្រគល់វិញ្ញាបនបត្រ បាល់ទាត់ស្ប៉េស្យាល់អូឡាំពិក ចំណាត់ថ្នាក់លេខ ១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២១ នៅក្លិបកីឡាហ្កាឡាក់ស៊ី មានទីតាំងស្ថិតក្នុងសង្កាត់ស្លាកែត ក្រុង- ខេត្តបាត់ដំបងដោយមានការអញ្ជើញពី លោក តេង គឹមស៊ាន នាយករងរដ្ឋបាលសាលាខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធតំណាង និងតំណាងខេត្តបន្ទាយមានជ័យ មាតាបិតា អាណាព្យាបាល ក្មួយៗកីឡាករ-កីឡាការិនី ជនពិការភាព និងជនបញ្ញាខ្សោយ ខេត្តបាត់ដំបង និងមកពីខេត្តបន្ទាយមានជ័យ ៕ ដោយ៖លី ភីលីព

Most Popular

To Top