ភ្នំពេញ ៖ អ្នកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រង ប្រចាំប្រទេសរបស់អង្គការ ផ្កាយសមុទ្រ បានមានប្រសា សន៍នៅពិធីបិទព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Grand Championship League ថា ក្រុមគ្រូបង្វឹក បាល់ទាត់ របស់ក្លិបបាល់ទាត់ Tottenham Hotspur បានមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្សេងៗ ដល់កម្មវិធីបាល់ទាត់របស់អង្គការ ផ្កាយសមុទ្រ ដោយកម្មវិធីនេះ បានបង្រៀនជំនាញបាល់ទាត់ និងជំនាញបំណិនជីវិត ជាច្រើនដល់កុមារ និងយុវជនជាង ៣,៥០០នាក់នៅទូទាំងប្រទេសកម្ពុជា ។
អ្នកស្រីបានបន្តថា ក្លិបបាល់ទាត់ Tottenham Hotspur មានក្តីសោមនស្សយ៉ាងខ្លាំង ក្នុងការប្រកាសជាព័ត៌មានថា ក្លិបបានបរិច្ចាគថវិកាចំនួន ៤០,០០០ ដុល្លារអាមេរិក ដល់អង្គការផ្កាយសមុទ្រជាអង្គការក្រៅ រដ្ឋាភិបាលមួយប្តេជ្ញាចិត្ត ក្នុងការផ្លាស់ប្តូរជីវិតកុមារ និងយុវជនក្រីក្រ ។ ចំនួនថវិកានេះ គឺដូចគ្នាទៅ នឹងការឧបត្ថម្ភគាំទ្រ រយៈពេលមួយឆ្នាំពេញ របស់ក្រុមហ៊ុន AIA Cambodia ជាដៃគូអន្តរជាតិ របស់ក្លិបបាល់ទាត់នេះ និងជាអ្នកឧបត្ថម្ភគាំទ្រ ដ៏យូរអង្វែង របស់អង្គការ ផ្កាយសមុទ្រដែលនិមិត្តសញ្ញារបស់អង្គការនេះធ្លាប់ត្រូវបានដាក់បង្ហាញនៅផ្ទៃខាងមុខ អាវកីឡាករពាក់ប្រកួត ក្នុងការប្រកួត បាល់ទាត់ Premier League កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ ។
អ្នកស្រី Donna-Maria Cullen នាយកប្រតិបត្តិ របស់ក្លិបបាល់ទាត់ Tottenham Hotspurបានមានប្រសាសន៍ថា ពួកយើងមានមោទនភាពយ៉ាងធំធេង បានរួមសហការ ជាមួយនឹងដៃគូដ៏ល្អ គឺក្រុមហ៊ុន AIA Cambodia បានណែនាំពួក យើងឲ្យបានស្គាល់ពីការងារ របស់អង្គការផ្កាយសមុទ្រ ដែលយើងបានឃើញថា ជាអង្គការក្រៅរដ្ឋាភិបាល មួយបានបង្កើតឲ្យមានការផ្លាស់ប្តូរ យ៉ាងពិតប្រាកដដល់ជីវិតកុមារ និងយុវជនក្រីក្រជាច្រើន ។
បន្ទាប់ពីមាន ធ្វើទស្សនកិច្ច នៅអង្គការផ្កាយសមុទ្រហើយ ក្រុមគ្រូបង្វឹកអន្តរជាតិ របស់យើងពិតជា ដក់ចិត្តយ៉ាងខ្លាំង ទៅនឹងការងារ របស់អង្គការ ផ្កាយសមុទ្រ ក្នុងការជួយ កុមារ និងយុវជនក្រីក្រ និងបានជំរុញ ទឹកចិត្តពួកគេកាន់តែខ្លាំង ឡើងក្នុងការចូលរួមជួយដល់កុមារនៅប្រទេសកម្ពុជា ហើយពួកយើងពិតជាមានក្តីសោមនស្សរីករាយ ក្នុងការបរិច្ចាគថវិកាជួយ គាំទ្រដល់ការងារដ៏អស្ចារ្យ របស់អង្គការនេះ ។
លោក Andrew Loh អគ្គនាយកប្រតិបត្តិក្រុមហ៊ុន AIA Cambodia បានមាន ប្រសាសន៍ថា AIA មានមោទនភាពយ៉ាងខ្លាំង ក្នុងនាមជាដៃគូសំខាន់ ដ៏យូរអង្វែងជាមួយក្លិប បាល់ទាត់ដ៏ធំ Tottenham Hotspur ។ យើងខ្ញុំពិតជាមានសេចក្តី រំភើបរីករាយ ក្នុងការបន្ត កិច្ចសហការជាមួយ នឹងអង្គការផ្កាយសមុទ្រ (ISF Cambodia) ជាអង្គការ ដែលជួយកុមារ និងយុវជននៅកម្ពុជាជួបការខ្វះខាត តាមរយៈការផ្តល់ការសិក្សា អប់រំ និងការផ្គត់ផ្គង់ផ្សេងៗ ដើម្បីជាទុនឈានទៅរកអនាគត ដែលពួកគាត់សមនឹងទទួលបាន ៕ដោយ៖លី ភីលីព