កីឡា

បិទការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២២នៅខេត្តស្វាយរៀង 

ស្វាយរៀង៖លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងឲ្យលោក វង់ សូត្រ រដ្ឋមន្តី្រក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោក ប៉ែន សុវណ្ណី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តស្វាយរៀងអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២២នៅខេត្តស្វាយរៀងនាថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាននិយាយថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់ឱកាសឲ្យក្រុមកីឡាករ-កីឡាការិនីខេត្តបានជួបជុំគ្នាធ្វើការប្រកួតប្រជែង ចែករម្លែកបទពិសោធន៍ ភាពសប្បាយរីករាយរវាងកីឡាករ កីឡាការិនីជនបញ្ញាខ្សោយ។ ជាក់ស្តែងសម្រាប់ការប្រកួតមានសមាសភាពចូលរួម ថ្នាក់ដឹកនាំ និងប្រតិភូក្រុមការងារ នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា៦នាក់ ថ្នាក់ដឹកនាំ និងមន្រ្តីអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តស្វាយរៀង ១០នាក់ ប្រតិភូអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តព្រៃវែង២នាក់ ក្រុមការងារ សម្របសម្រួលរបស់មន្ទីរសង្គមកិច្ចខេត្តស្វាយរៀង ១០ នាក់ ក្រុមការងារ រៀបចំការប្រកួតរបស់មន្ទីរអប់រំខេត្តស្វាយរៀង១១នាក់ កីឡាករ-ឡាការិនីមកពីស្រុក/ខេត្តស្វាយរៀង ១០០នាក់ និងកីឡាករ-កីឡាការិនី មកពីខេត្តព្រៃវែង ១៤នាក់ សរុបអ្នកចូលរួមទាំងអស់ ចំនួន ១៥៣ នាក់
លោកបានបន្តថា វិញ្ញាសាសម្រាប់ការប្រកួតរួមមានកីឡាអត្តពលកម្មៈរត់ចម្ងាយ៥០ម៉ែត្របុរស-នារី រត់ចម្ងាយ១០០ម៉ែត្របុរស-នារី កីឡាបាល់ទាត់ៈបុរស ៥ នាក់ម្ខាង និងកីឡាប៊ូលៈ ១នាក់ ទល់ ១នាក់ សម្រាប់លទ្ធផលក្នុងការប្រកួត ចំពោះវិញ្ញាសារកីឡាទាំង៣ប្រភេទនេះ កីឡាករ-កីឡាការិនីមានជ៏យលាភីលេខ១ (ទទួលបានមេដាយមាសស្ប៉េស្យាល់អូឡាំពិកកម្ពុជា), ជ៏យលាភីលេខ២(ទទួលបានមេដាយប្រាក់ស្ប៉េស្យាល់អូឡាំពិកកម្ពុជា), ជ៏យលាភីលេខ៣ (ទទួលបានមេដាយសំរិទ្ធស្ប៉េស្យាល់អូឡាំពិកកម្ពុជា) ដែលគណៈកម្មការនឹងធ្វើពិធីប្រគល់ជូននៅពេលចប់ការប្រកួត។

លោក សែម សុខា បានមានប្រសាសន៍ថា ការប្រកួតនេះពិតជាមានសារសំខាន់បំផុតព្រោះជាបណ្តើរៗអាចពង្រីចលនាកីឡាជនបញ្ញាខ្សោយនៅតាមក្រុង/ស្រុកឲ្យបានដល់ឃុំ ភូមិ តាមទីជនបទ និងតំបន់ដាច់ស្រយាលអាចផ្តល់ឱកាសឲ្យពួកលោកបានចូលរួមសកម្មភាពកីឡា ក៏ដូចជាភាពសប្បាយរីករាយ និងធ្វើឲ្យចលនាកីឡាជនបញ្ញាខ្សោយកាន់តែផុសផុល ទូលំទូលាយសំដៅបម្រើឲ្យជនបញ្ញាខ្សោយទទួលបាននូវការលើកកម្ពស់សិទ្ធិតម្លៃ និងឱកាសក្នុងការចូលរួមដែលអាចជៀសផុតពីការរើសអើងផេ្សងៗនៅក្នុងសង្គម។

លោកអនុប្រធានបានបន្តថា ការប្រកួតនេះមិនមែនដើម្បីជ័យជម្នះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់អនុតំបន់មេគង្គ និងថ្នាក់ពិភពលោក។ ជាពិសេសការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ និងការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់អន្តរជាតិនានា នៅពេលខាងមុខ ៕

Most Popular

To Top