កីឡា

លោក ហែម គីរី ៖ ការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ជាការវាស់ស្ទង់ និងធ្វើតេស្តិ៍សមត្ថភាព បច្ចេកទេសក្រុមត្តពលិក

ភ្នំពេញ ៖ សមាគមកីឡាក្រោមទឹក ប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញឲ្យសហព័ន្ធខ្មែរ កីឡាហែលទឹក បញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៨នាក់ ដើម្បីទៅចូលរូមការ ប្រកួតកីឡាហែលទឹក បន្ទុយត្រី Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ ។

លោក ហែម គីរី អគ្គលេខាធិការ និង ប្រធានប្រតិភូ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា ការប្រកួតខាងលើនេះ សហព័ន្ធខ្មែរ កីឡាហែលទឹក បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៨នាក់រួមមានរួមមានលោក ហែម គីរី ប្រតិភូ លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរតក កីឡាករ លឹម កែវឧត្តម កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ។

លោកអគ្គបានបន្តថា ការចូលរួមប្រកួតមួយនេះ ដើម្បីវាស់ស្ទង់ និង ធ្វើតេស្តិ៍សមត្ថភាព បច្ចេកទេសកីឡាករ-កីឡាការិនី វិញ្ញាសាហែលទឹកបន្ទុយត្រី ដែលបានធ្វើការហ្វឹកហាត់ ចាប់តាំងពីត្រឡប់មកពីការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ជាមួយឧបករណ៍ហ្វឹកហាត់ ដូច្នេះហើយយើងចង់ដឹងសមត្ថភាព បន្ថែមសម្រាប់ការប្រកួតខាងលើនេះ ដោយមានកីឡាករ-កីឡាការិនីជើងខ្លាំងមកពីប្រទេស ជាច្រើនទៀត។

លោកបានបន្ថែមថា ការប្រកួត នៅខេត្តភូកេត មានសារសំខាន់ណាស់វាស់ស្ទង់ និងធ្វើតេស្តិ៍សមត្ថភាព បច្ចេកទេសកីឡាករ-កីឡាការិនី ក្នុងដំណើរឈានឆ្ពោះ ទៅការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំជាម្ចាស់ផ្ទះ នឹងបានសម្រេច ដាក់បញ្ជូលប្រភេទកីឡា Finswimming ការប្រកួតផងដែរ ហើយក៏ជាប្រភេទកីឡា អទិភាពមួយរបស់សហព័ន្ធខ្មែរ កីឡាហែលទឹក ក្នុងការដណ្តើមយកមេដាយ ពីការប្រកួតផងដែរ ៕

Most Popular

To Top