កីឡា

របួស Benzema នឹងអូសបន្លាយ ដល់ទៅ៣សប្តាហ៍

បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ រួចរាល់ហើយនោះ កីឡាករខ្សែប្រយុទ្ធបារាំង Karim Benzema ត្រូវបានគេបញ្ជាក់អះអាងថា នឹងត្រូវសម្រាកព្យាបាល របួសយ៉ាងហោចណាស់ រយៈពេលដល់ទៅ៣សប្តាហ៍ ដោយសាររបួសរសៃពួ ដែលគាត់បានទទួល កាលពីប្រកួតថ្ងៃអង្គារមក។

កីឡាករ Benzema បង្ហាញខ្លួនបានតែ២៦នាទីប៉ុណ្ណោះ ក្នុងការប្រកួតឲ្យ Real Madrid ប៉ះនឹងក្រុម Celtic សម្រាប់ពានរង្វាន់ Champions League ហើយក៏ត្រូវបានប្តូរចេញ ជំនួសដោយកីឡាករ Eden Hazard ។

Benzema ដែលកំពុងមានឈ្មោះជាកីឡាករនាំមុខគេ ក្នុងពានរង្វាន់ Ballon d’Or ផងនោះបែរជាទទួលរងរបួស ក្នុងរយៈពេលវែងទៅវិញ ដែលវាកំពុងធ្វើឲ្យកីឡាករមានការព្រួយបារម្ភថា នឹងអាចប៉ះពាល់ដល់ការប្រកួតប្រជែង ពានរង្វាន់ដ៏ធំបំផុត ក្នុងជីវិតរបស់គាត់មួយនេះ ជាមិនខាន។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្លឹបបានអះអាងថា ការវិលត្រឡប់របស់ Benzema នឹងមិនអាចកំណត់បាន ច្បាស់លាស់នៅឡើយ ប៉ុន្តែជឿជាក់ថាកីឡាករត្រូវការពេលវេលា យ៉ាងហោចណាស់៣សប្តាហ៍ មុនពេលត្រូវពិនិត្យមើលរបួសនេះឡើងវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top