ភ្នំពេញ៖ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាតំណាងឲ្យលោក កែវ រេមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអាជ្ញាកណ្តាល ចៅក្រមនៅសាលហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដើម្បីរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថា្នក់ជាតិ ប្រចាំឆ្នាំ ២០២២។

ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកប្រថ្នាក់ជាតិប្រចាំឆ្នាំ ២០២២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក បួនហ៊ីង សុធីយ៉ាបានមានប្រសាសន៍ថា ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកប្រថ្នាក់ជាតិមានសារសំខាន់ណាស់ សម្រាប់អាជ្ញាកណ្តាល ចៅក្រមប្រភេទកីឡាតេក្វាន់-ដូ ITF ព្រោះក្រោយពីបញ្ចប់នេះហើយ សហព័ន្ធនឹងរៀបចំការប្រកួតមួយទៀត គឺព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើទី៣នឹងប្រព្រឹត្តិទៅនាខែវិច្ឆិកាខាងមុខនេះ។
ចំពោះកីឡាករ-កីឡាការិនីម្នាក់ចូលរួមប្រកួតបានច្រើនបំផុត៣ វិញ្ញាសារប៉ុណ្ណោះ (ក្នុងមួយក្លិបអនុញ្ញាតិកីឡាករ-កីឡាការិនី យ៉ាងច្រើនបំផុតចំនួន១២នាក់) សមាគម-ក្លិបមានសិទ្ធិចុះឈ្មោះកីឡាករ-កីឡាការិនី បានតែមួយរូបក្នុង១វិញ្ញាសា។ ចំពោះកីឡាករ-កីឡាការិនីជម្រើសជាតិមានឈ្មោះក្រុមជម្រើសជាតិ សមាគម-ក្លិបសាមីត្រូវចុះឈ្មោះនៅវិញ្ញាសា។ សម្រាប់វិញ្ញាសាមេគុន រីឯវិញ្ញាសាប្រយុទ្ធកីឡាការិនីក្រុមជម្រើសជាតិ អាចចុះឈ្មោះប្រកួតធម្មតាលើកលែងតែកីឡាករ ក្នុងក្រុមជម្រើសជាតិត្រូវចុះឈ្មោះក្នុងប្រអប់ វិញ្ញាសាប្រយុទ្ធសេរីក្រុមជម្រើសជាតិ៕ ដោយ៖លី ភីលីព


