ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Eden Hazard បាននិយាយថា រជ្ជកាលមាសរបស់ជម្រើសជាតិបាល់ទាត់បែលហ្ស៊ិកត្រូវតែឈ្នះពាន World Cup ដើម្បីបញ្ជាក់ពីឈ្មោះហៅក្រៅមួយនេះ។
ការរះឡើងមកដំណើរគ្នាដូចជាកីឡាករ Thibaut Courtois, Kevin De Bruyne, Romelu Lukaku, Hazard និងកីឡាករមួយចំនួនទៀត បែលហ្ស៊ិកត្រូវបានគេមើលឃើញថាកំពុងស្ថិតក្នុងរជ្ជកាលមាស។ យ៉ាងណាមិញ រជ្ជកាលមួយនេះហាក់ជិតរលត់ទៅវិញហើយ ដោយសារតែកីឡាករខាងលើមានវ័យកាន់តែជ្រេ ខណៈមិនទាន់ជួយប្រទេសឈ្នះពានធំណាមួយនៅឡើយ។

សហព័ន្ធ

ក្រោយពីបញ្ចប់ការជម្រុះ World Cup ២០២២ នៅតំបន់អឺរ៉ុប (UEFA) បែលហ្ស៊ិកបានឈរនៅចំណាត់ថ្នាក់លេខមួយក្នុងតារាងពិន្ទុពូល E។ ជាមួយកំណត់ត្រាល្អ ឆ្លងកាត់៨ប្រកួតឈ្នះ៦ ស្មើ២និងមិនចាញ់មួយប្រកួតសោះ។ លទ្ធផលនេះបានធ្វើឲ្យពួកគេបានឡើងទៅលេង World Cup ជាលើកទី១៤ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ប្រវត្តិក្នុង World Cup

បែលហ្ស៊ិកបានចូលលេង World Cup តាំងពីឆ្នាំកកើតពានដំបូង១៩៣០ ពេលដែលអ៊ុយរុយហ្គាយធ្វើជាម្ចាស់ផ្ទះ។ ពេលនោះពួកគេលេងបានត្រឹមវគ្គសន្សំពិន្ទុក្នុងពូលប៉ុណ្ណោះ។ ២០១៨ដែលកំពុងស្ថិតក្នុងរជ្ជកាលមាស បែលហ្ស៊ិកធ្វើបានចំណាត់ថ្នាក់ល្អបំផុតលេខ៣ ក្រោយយកឈ្នះអង់គ្លេស ២-០ ក្នុងប្រទេសរុស្សី។
យ៉ាងណាមិញ Hazard យល់ឃើញថា រជ្ជកាលមាសរបស់បែលហ្ស៊ិក១០ឆ្នាំមកនេះ គួរតែបញ្ចប់ដោយការឈ្នះពាន World Cup តែម្ដងឲ្យវាសមនឹងឈ្មោះរបស់ខ្លួន។
កីឡាករសំខាន់

បុរសកំពូលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne នឹងក្លាយជាកីឡាករនាំលេងយ៉ាងសំខាន់ក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិក។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានជាប់ក្នុងក្រុមធំតាំងពីឆ្នាំ២០១០ ហើយជាសមាជិកជួយក្រុមបានលេខ៣កាលពី World Cup នៅប្រទេសរុស្សី។
នៅក្នុងក្លឹបអាជីពវិញ បច្ចុប្បន្ន De Bruyne ជាកីឡាករដែល Manchester City មិនអាចអត់បាន ដោយសារតែគេជាអ្នកនាំលេងលើទីលាន និងតែងតែបញ្ជូនបាល់ល្អៗឲ្យមិត្តរួមក្រុម។ គេបានធ្លាប់បានជួយ City ឈ្នះពាន Premier League ៤ដង និងរងជើងឯក UCL កាលពីរដូវកាល២០២០-២១។
ឯកសណ្ឋាន

អាវរបស់ជម្រើសជាតិបែលហ្ស៊ិកត្រូវបានផលិតដោយក្រុមហ៊ុនសំលៀកបំពាក់ Adidas។ អាវក្នុងដីមានពណ៌ក្រហមលាយខ្មៅនិងលឿង ដែលជាពណ៌តំណាងឲ្យទង់ជាតិរបស់ពួកគេ។ ចំណែកឯកអាវក្រៅដីមានពណ៌ស ចម្រុះដោយពណ៌ជាច្រើនដែលជាការបំផុតគំនិតចេញពី Adidas x Belgian FA x Tomorrowland “LOVE”។ Source៖ Sabay

