កីឡា

ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ចាប់ផ្តើមហើយ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនដំណឹង ដល់សាធារណជន និងអ្នកស្នេហាវិស័យកីឡា ទាំងអស់មេត្តាជ្រាបថា ៖ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន៣៨ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ, ខេត្តកែប, ខេត្តកំពត, ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។

ពិធីបើកការប្រកួត នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨:០០នាទី និងពិធីបិទ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨:០០នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីបើក និង ពិធីបិទ មានការចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រតិភូកីឡា និងកម្លាំងមហាជន ដែលមានការចាត់តាំង (មានប័ណ្ណចូលរួម) ប្រមាណ ៤៣ ០០០នាក់។ ដំណើរប្រព្រឹត្តទៅនៃពិធីបើកនិងពិធីបិទ នឹងមានការផ្សាយ បន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា(ទទក)និងស្ថានីយ៍ទូរទស្សន៍បាយ័ន។

ការប្រកួតកីឡាជាតិលើកទី ៣ នេះ មានប្រភេទកីឡាចំនួន ៣៨ រួមមាន៖ បាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ហែលទឹក, ប្រដាល់សកល, ប្រដាល់គុនខ្មែរ, ចំបាប់, តេក្វាន់ដូ WT, តេក្វាន់ដូ ITF, ប៉េតង់, វាយកូនបាល់ វាយកូនឃ្លីលើតុ, វាយសី, គុនល្បុក្កតោ, កាយសម្ព័ន្ធ, វីណាម, យូដូ, ការ៉ាត, ទោចក្រយាន្ត ទ្រីយ៉ាត្លុង, សូហ្វតិន្នីស សីដក់ អ៊ុកចត្រង្គ, ម៉ូតូទឹក, ស៊ូ, ហុកគី, កបុកស៊ីង, កាយវប្បកម្ម, គុនដាវជីជីតស៊ូ, ទូកប្រពៃណី, វាយកូនហ្គោល, ទូកក្ដោង, លើកទម្ងន់, ប៊ីយ៉ា និងស្នូកយ័រនិង គ្រិះកឃីត និងមានវិញ្ញាសាសរុប ៤០៥។ ចំពោះការប្រកួតប្រភេទកីឡាប៉ារ៉ាឡាំពិក មានប្រភេទកីឡាចំនួន ០៧ រួមមាន ៖ អត្តពលកម្ម,ហែលទឹក, បាល់បោះ, បាល់ទះ, វាយសី, វាយកូនឃ្លីលើតុ, បូស្យា និងមានវិញ្ញាសា ៨០
សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការជូនដំណឹងដល់សាធារណជន និងបណ្ដាសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងដើម្បីចូលរួមគាំទ្រ និងទស្សនាការប្រកួតខាងលើនេះឱ្យបានច្រើនកុះករ រួមចំណែកលើក ស្ទួយវិស័យកីឡារបស់យើង ឱ្យកាន់តែផុលផុសថែមទៀត។

Most Popular

To Top