ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អប្រសើរជាងមុន សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកអាស៊ីលើកទី១៤ ឆ្នាំ២០២២ (14th Asian Dragon Boat Championships, Rayong – Pattaya, Thailand) នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
លោក គង់ សុភាព គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងពីប្រទេសថៃថា ចំពោះការប្រកួតវិញ្ញាសា ៥00 ម៉ែត្រចម្រុះបុរស-នារី១២ នាក់៖ក្រុមកីឡាករ-កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម ៩ ប្រទេស ហើយវិញ្ញាសា ៥00ម៉ែត្របុរស១២នាក់ ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោម ១១ ប្រទេស និងវិញ្ញាសា ៥00ម៉ែត្របុរស២២នាក់ ជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម៩ប្រទេស។
ការចូលរួមការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីបង្កើនសមត្ថភាព និងត្រៀមលក្ខណៈចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះ ។ កម្ពុជាបានបញ្ជូនទៅ២ក្រុម ដឹកនាំដោយលោក ឯម ម៉ាអូរី ប្រធានប្រតិភូ និងអនុប្រធានសហព័ន្ធ លោកគ្រូបង្វឹកក្រុមជម្រើសជាតិ ស្រ៊ុន លាង គ្រូបង្វឹកកិច្ចសន្យាជនជាតិមីយ៉ាន់ម៉ា លោកគង់ សុភាព និងលោក ហ៊ល លីដា គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិ៕ដោយ៖លី ភីលីព






