កីឡា

លោក ស សុខា៖ ការប្រកួតឈ្នះ ឬចាញ់អាស្រ័យទៅលើការខិតខំប្រឹងប្រែង របស់អត្តពលិកទាំងអស់គ្នា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយស សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជានៅទីលានកីឡាប៊ូល និងប៉េតង់ នៃពហុកីឡដ្ឋានជាតិ បានអញ្ជើញចូលរួមពិធីបិទជាផ្លូវការការ បកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ ឆ្នាំ២០២ លើកទី២ និងខួបអនុស្សាវរីយ៍៣០ន្ននៃការបង្កើត សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ ២០។


ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ នេះមានការចូលរួមចំនួន ៦៣ ក្លិបមកពី ១១ ស្ថាប័ន ក្នុងនោះមានគណៈប្រតិភូកីឡា ១០០នាក់ និងអត្តពលិក៣៥០នាក់ជាចំនួនមួយមិនធ្លាប់មានពីមុនមក លើ៨វិញ្ញាសា រួមមានបុរសអាយុ១៨ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ នារីអាយុ១៨ឆ្នាំឡើង៣នាក់ ទល់ ៣នាក់ បុរសវ័យចាស់អាយុ ៥៥ ឆ្នាំឡើង៣នាក់ ទល់ ៣នាក់ បុរសអាយុ១៨ឆ្នាំឡើង២នាក់ ទល់ ២នាក់ នារីអាយុ១៨ឆ្នាំឡើង ២នាក់ ទល់ ២នាក់ យុវជនអាយុក្រោម១៨ឆ្នាំ ១នាក់ ទល់ ១នាក់ យុវនារីអាយុក្រោម១៨ឆ្នាំ ១នាក់ ទល់ ១នាក់ និងពានសមាគម។


លោក ស សុខា បានមានប្រសាសន៍ថា ពានរង្វាន់គរគុណនេះដោយទទួល បានការឧបត្ថម្ភពីសំណាក់ ក្រុមគ្រួសារ សម្ដេចទាំងទ្វេ គឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលបញ្ញា សុខ អាន និងក្រុមការងារបានសម្របសម្រួល រៀបចំប្រព្រឹត្តទៅដោយរលូនបញ្ចប់ដោយជោគជ័យតាមការគ្រោងទុក និងលទ្ធផលគួរជាទីមោទនៈ។ មកដល់ម៉ោងនេះ គ្មានសហព័ន្ធកីឡាណាទទួលបានមេដាយមាស ច្រើនជាងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាទេ ។ ជាក់ស្ដែងកីឡាការិនី កែវ ឡេង ដែលទទួលបានមេដាយមាស រហូតទៅដល់ ៤ជំនាន់ជាប់ៗគ្នា។


លោក ស សុខា បានលើកឡើងថា ចំពោះរូបលោកផ្ទាល់ និងគណៈកម្មការរៀបចំការប្រកួត ព្រមទាំងក្រុមការងារ បានត្រឹមតែត្រួសត្រាយផ្លូវជូនកីឡាករ-កីឡាការិនីប៉ុណ្ណោះ ការប្រកួតឈ្នះ ឬចាញ់គឺអាស្រ័ យទៅលើការខិតខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនីទាំងអស់គ្នា។ ដូច្នេះកីឡាករ-កីឡាការិនីខ្លួនឯង ត្រូវខិតខំហ្វឹកហាត់ ស្រង់យកបទពិសោធន៍ ពីកីឡាករ-កីឡាការិនីរៀងច្បង និងមិនត្រូវមើលងាយដៃគូរបស់ខ្លួនជាដាច់ខាត ព្រោះវានាំឲ្យយើងបរាជ័យ។


លោក ស សុខា ក៏បានរម្លឹកថា ចាប់តាំងពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ននេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានអាយុកាល ៣០ឆ្នាំហើយ ពោលគឺគម្រប់ខួប ៣០ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចទាំងពីរ គឺសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស និងសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន បាននាំមកនូវកិត្យានុភាព និងមោទកភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា ជាមហាអំណាចលើកីឡាប៊ូល និងប៉េតង់ នៅថ្នាក់តំបន់ ទ្វីប និងពិភពលោក។


លោក ស សុខា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីការខិតខំប្រឹងប្រែងរៀបចំការប្រកួតរៀងរាល់ឆ្នាំ កីឡាប៊ូល និងប៉េតង់របស់យើងដែលបានចូលរួមប្រកួតលើឆាកជាតិ និងអន្តរជាតិ សង្ឃឹមថាកីឡាមួយនេះ នឹងដាក់បញ្ចូលជាកីឡាអូឡាំពិក ក្នុងពេលខាងមុខ ដោយសារកន្លងមកនេះកីឡា ប៊ូលនិងប៉េតង់របស់យើង មិនទាន់បានដាក់បញ្ចូលជាកីឡាអូឡាំពិកនៅឡើយ៕

Most Popular

To Top