ខេត្តកណ្តាល ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាប៉េតង់ និងកីឡាបាល់ទាត់ជាង ៥០ ក្រុមចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៣ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៣ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់ ។ ចំពោះវិញ្ញាសាកីឡាបាល់ទាត់ បុរស (មិនកំណត់អាយុ ) មាន ១៤ ក្រុម ដោយប្រើរូបមន្ត ប្រកួតចាញ់ធ្លាក់ ដែលធ្វើការប្រកួតជាផ្លូវការពហុកីឡដ្ឋាន ខេត្តកណ្តាលចាប់ថ្ងៃពីទី៥តទៅ ។
លោកបានបន្តថា ចំណែកកីឡាប៉េតង់មាន ៣កម្រិត គឺបុរស(ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ)មាន១៧ ក្រុម វិញ្ញាសា ១ នាក់ ទល់ ១ នាក់ វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ រីឯនារី (ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ)មាន៥ ក្រុម វិញ្ញាសា ១នាក់ ទល់ ១ នាក់ វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវ័យចាស់ (ចាប់ពីអាយុ ៤០ ឆ្នាំ ឡើងទៅ)មាន ៦ ក្រុម វិញ្ញាសា ១ នាក់ ទល់ ១ នាក់ និងវិញ្ញាសា ៣ នាក់ ទល់ ៣ នាក់៕