ព័រទុយហ្គាល់៖យោងតាមការចេញផ្សាយ ពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា លោក Roberto Martinez អតីតអ្នកចាត់ការក្រុមបាល់ទាត់ ជម្រើសជាតិបែលហ្ស៊ិក និងក្រុមបាល់ទាត់ Everton ត្រូវបានតែងតាំងជាគ្រូបង្វឹក សញ្ជាតិព័រទុយហ្គាល់ ក្រោយពីបាត់បង់កៅអីវគ្គបន្តការប្រកួត World Cup នៅកាតា។
បុរសសញ្ជាតិអេស្ប៉ាញវ័យ ៤៩ ឆ្នាំរូបនេះបានជំនួសតំណែងលោក Fernando Santos ដែលបានលាលែងពីតំណែង បន្ទាប់ពីការបរាជ័យវគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ព័រទុយហ្គាល់ ដោយក្រុមម៉ារ៉ុកនៅព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ World Cup កាលពីខែមុន។ លោក Martinez បានឈប់ធ្វើជាគ្រូបង្វឹកបែលហ្ស៊ិក ក្រោយពីដឹកនាំបាន ៦ ឆ្នាំ បន្ទាប់ពីធ្លាក់ចេញពីវគ្គក្រុមក្នុងប្រទេសកាតា។
លោក Martinez បាននិយាយថា ខ្ញុំរីករាយណាស់ ដែលតំណាងឲ្យក្រុមជម្រើសជាតិមួយ ដែលមានទេពកោសល្យល្អបំផុតក្នុងលោក។ ខ្ញុំពិតជារំភើបណាស់ ដែលបានមកទីនេះ។ តាំងពីលើកដំបូងដែលខ្ញុំបាននិយាយ ជាមួយប្រធានសហព័ន្ធ ខ្ញុំដឹងថា នេះគឺជាគម្រោងកីឡាធ្វើឲ្យខ្ញុំរំភើប។
ខ្ញុំយល់ថា មានការរំពឹងទុកដ៏អស្ចារ្យ និងគោលបំណងធំ ប៉ុន្តែមានក្រុមមនុស្សដ៏អស្ចារ្យនៅក្នុងសហព័ន្ធ ហើយខ្ញុំមានការរំភើបយ៉ាងខ្លាំងរួមគ្នា យើងអាចសម្រេចបាននូវគោលបំណងទាំងនោះ។ ចំណែកប្រធានបាល់ទាត់ព័រទុយហ្គាល់ លោក Fernando Gomes បាននិយាយថា នេះជាពេលវេលាដ៏សំខាន់ សម្រាប់ក្រុមជម្រើសជាតិ ។
Martinez បានចំណាយពេល ៤ ឆ្នាំជាអ្នកចាត់ការ Wigan រាប់បញ្ចូលទាំងការឈ្នះពានរង្វាន់ FA Cup ឆ្នាំ ២០១៣ មុន រយៈពេល ៣ ឆ្នាំនៅ Everton ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ ម្តង និងទី ១ ពីរដងក្នុងក្របខណ្ឌ Premier League ។ ត្រូវបានតែងតាំងជាគ្រូបង្វឹក សញ្ជាតិបែលហ្ស៊ិកក្នុងឆ្នាំ ២០១៦ លោកបានដឹកនាំពួកគេឡើង ដល់កំពូលនៃចំណាត់ថ្នាក់របស់ FIFA ឆ្នាំ ២០១៨ បន្ទាប់ពីពួកគេបានជាប់ចំណាត់ថ្នាក់លេខ ៣ នៅ World Cup នៅប្រទេសរុស្ស៊ី។
ព័រទុយហ្គាល់បានឈ្នះជើងឯកអឺរ៉ុបឆ្នាំ ២០១៦ និងពានរង្វាន់ Nations League ២០១៨-១៩ កំឡុងពេលដឹកនាំ ៨ ឆ្នាំរបស់ Santos ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានឈ្នះតែមួយប្រកួត ក្នុងពូលរបស់ពួកគេចំនួនបី ក្នុងប្រទេសកាតា ហើយយុទ្ធនាការរបស់ពួកគេ ត្រូវបានគ្របដណ្ដប់ដោយ Santos ទម្លាក់ខ្សែប្រយុទ្ធ Cristiano Ronaldo សម្រាប់ការប្រកួតជម្រុះ៕ ដោយ៖លី ភីលីព