កីឡា

ក្រសួងសារធារណការ និងដឹកជញ្ជូនគ្រងជើងឯក ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ក្លិបហែលទឹកក្រសួងសារធារណការ និងដឹកជញ្ជូន ដណ្តើមមេដាយច្រើនជាងគេ រហូតដល់២០គ្រឿង នៃការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ដែលរៀបចំដោយសហព័ន្ធខែ្មរ កីឡាហែលទឹកក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។។

ក្នុងឳកាសពិធីបិទ និងប្រគល់ជយលាភី ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក បុង ប៊ុនហួន រដ្ឋលេខា ធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក តំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធ ខ្មែរកីឡាហែលទឹក និងលោក ដួង មាសចំរើន អគ្គនាយករងតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខែ្មរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា មានការចូលរួមប្រកួតពីក្លឹបហែលទឹក ចំនួន៨ស្ថាប័នរួមមានក្លិបហែលទឹក ក្រសួងសាធារណការនិងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជកំពង់ចាម ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ក្លិបហែលទឹកខេត្តបាត់ដំបង និងក្លិបសាលាអន្តរជាតិ Decart France មានកីឡាករ-កីឡាការិនី ចូលរួមប្រកួតសរុប មានចំនួន ១០៣នាក់ (ប្រុស ៥៧នាក់ ស្រី ៤៦នាក់) និងគ្រូបង្វឹក គ្រូជំនួយចំនួន ១៦នាក់ នឹងមានវត្តមានមន្រ្តីគណៈកម្មការបច្ចេកទេស ចំនួន ៥០នាក់ ចូលរួមដឹកនាំ និងកាត់សេចក្តីក្នុងការប្រកួត ។ សម្រាប់ការប្រកួតនេះ មានវិញ្ញសាសរុបចំនួន ២០វិញ្ញាសា (កីឡាករចំនួន ១០វិញ្ញាសា និងកីឡាការិនីចំនួន ១០វិញ្ញាសា ។

ចំណែកក្លិបហែលទឹក ក្រសួងសារធារណការ និងដឹកជញ្ជូនដណ្តើមមេដាយច្រើនជាងគេ ២០គ្រឿង ក្លិបហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមមេដាយ ១០គ្រឿង ក្លិបព្រឹទ្ធាចារ្យ ហែមថុនដណ្តើមបានមេដាយ ១៣ គ្រឿង ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយ ៩គ្រឿង ក្រសួងព័ត៌មានដណ្តើមបាន មេដាយ៦គ្រឿង និងក្លិបនាគរាជខេត្តកំពង់ចាម ដណ្តើមបានមេដាយ២គ្រឿង ៕ ដោយ៖លី ភីលីព

Most Popular

To Top