កាលពីប៉ុន្មានថ្ងៃមុន Juventus ត្រូវបានអាជ្ញាធរបាល់ទាត់អ៊ីតាលីដក ១៥ពិន្ទុ ក្រោយរកឃើញថាក្លឹបនេះ មានភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ ជាពិសេសរឿងបំប៉ោងប្រាក់ចំណូល របស់ខ្លួនពីការទិញដូរកីឡាករអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ថ្ងៃនេះដែរ សូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកដឹងអំពីរឿងអាស្រូវមួយ កាលពីជាង ១៥ឆ្នាំមុន ដោយ Juventus ត្រូវបានគេទម្លាក់ទៅលេងលីគទី២ ទោះជាខ្លួនឈ្នះពាន Serie A ក្ដី។
ក្នុងឆ្នាំ ២០០៦ ក្លឹបសេះបង្កង់ Juventus ត្រូវបានទម្លាក់ទៅលីគ Serie B ភ្លាមៗក្រោយពេលដែលខ្លួនបានឈ្នះពាន Serie A។ នេះគឺដោយសារតែរឿងអាស្រូវ Calciopoli (រឿងអាស្រូវបាល់ទាត់អ៊ីតាលីឆ្នាំ ២០០៦) ដែលពាក់ព័ន្ធនឹងការឃុបឃិត ជាមួយអាជ្ញាកណ្ដាល។
នៅរដូវកាល ២០០៥/០៦ Juventus បានឈ្នះលីគកំពូលអ៊ីតាលី យ៉ាងងាយស្រួលជាមួយ នឹងពិន្ទុកំណត់ត្រាមួយ ដោយពេលនោះក្លឹបមួយនេះមាន ៩១ពិន្ទុដែលលើសក្លឹប AC Milan ៣ពិន្ទុ ប៉ុន្តែនៅមុនព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំ ២០០៦ រឿងអាស្រូវនេះក៏បានផ្ទុះឡើង។
រឿងអាស្រូវនេះ កើតឡើងតាំងពីអំឡុងរដូវកាល ២០០៤/០៥មកម្ល៉េះ ដោយអ្នកដែលដើរតួសំខាន់ជាងគេក្នុងរឿងនេះ គឺគណៈគ្រប់គ្រងក្លឹប Juventus ២រូប មានលោក Luciano Moggi និង Antonio Giraudo ដោយពួកលោក ត្រូវបានចោទប្រកាន់ថា ឃុបឃិតជាមួយនឹងអាជ្ញាកណ្ដាល Serie A ដើម្បីឲ្យកាតទៅកីឡាករសំខាន់ៗ ដែលលេងប៉ះនឹងក្លឹបយក្សអ៊ីតាលីនេះ។
ការសន្ទនាទូរស័ព្ទរបស់ពួកថ្នាក់ដឹកនាំទាំងនោះ ត្រូវបានគេធ្វើជាកំណត់ហេតុ និងចុះព្រោងព្រាតនៅតាមកាសែត និងសារព័ត៌មានអ៊ីតាលីនៅពេលនោះ។
ក្រោយបើកការស៊ើបអង្កេតរួចរាល់ហើយ ក្លឹបសេះបង្កង់ត្រូវបានទម្លាក់ទៅលីគលំដាប់ ២ ហើយពាន Serie A ឆ្នាំ២០០៥ និងឆ្នាំ២០០៦ របស់ពួកគេ ត្រូវបានដកហូត។ រឿងនេះក៏ជាប់ទាក់ទងជាមួយ ក្លឹបមួយចំនួនដែលមានដូចជា AC Milan, Fiorentina, Lazio និងReggina ដោយ Fiorentina និងLazio បានធ្លាក់ទៅលេងនៅ Serie B ជាមួយ Juventus។
ទន្ទឹមនឹងការធ្លាក់ពី Serie A ពេលនោះ Juventus បាត់បង់កីឡាករសំខាន់ៗមួយចំនួនដូចជា ខ្សែការពារ Fabio Cannavaro និងខ្សែប្រយុទ្ធ Zlatan Ibrahimovic និងកីឡាករសំខាន់ជាច្រើនទៀត ហើយសល់តែកីឡាករល្បីៗ មួយចំនួនប៉ុណ្ណោះដូចជា អ្នកចាំទី Gianluigi Buffon ជាដើម ៕ ប្រភព៖ Sabay