ក្លឹបមេឃខៀវ Manchester City ប្រឈមមុខនឹងការទម្លាក់ចេញ ឬ ឈានទៅដល់ការដកហូតពានលីគកំពូលអង់គ្លេស Premier League បន្ទាប់ពីខាងលីគអង់គ្លេសសង្ស័យថា ក្លឹបនេះល្មើសនឹងបទបញ្ញត្តិរបស់បាល់ទាត់អង់គ្លេសចំនួនប្រមាណ ១០០ករណី។
បើតាមសេចក្ដីថ្លែងការណ៍របស់ Premier League ចុះកាលពីថ្ងៃច័ន្ទ ខាង Man City បានល្មើសនឹងបទបញ្ញត្តិមួយចំនួនពាក់ព័ន្ធនឹងរឿងព័ត៌មានផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដោយខាងក្លឹបបាន បំប៉ោងចំណូលរបស់ខ្លួនពីរដូវកាល២០០៩/១០ ដល់រដូវកាល២០១៧/១៨។ ការរកឃើញនេះធ្វើឡើងបន្ទាប់ពីខាង Premier League ធ្វើការស៊ើបអង្កេតអស់ ៤ឆ្នាំ។
យ៉ាងណាមិញ ខាង Premier League មិនបាននិយាយបន្ថែមអំពីកម្រិតនៃការដាក់ទណ្ឌកម្មនៅឡើយនោះទេ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Telegraph របស់អង់គ្លេស ទណ្ឌកម្មដែលអាចកើតឡើងរួមមាន ការដកពិន្ទុ ឬ ឈានទៅដល់ការទម្លាក់ចេញ និងការដកហូតពាន Premier League ដែលក្លឹបធ្លាប់ឈ្នះនាពេលកន្លងមក។
កន្លងមក Man City ក៏ធ្លាប់ត្រូវបានខាង UEFA ព្យួរជើងមិនឱ្យលេងនៅកម្មវិធីអឺរ៉ុប តែក្រោយមក Man City បានប្ដឹងតវ៉ាការសម្រេចចិត្តនេះនៅតុលាការមជ្ឈត្តកម្មកីឡានៅប្រទេសស្វីស៕