ភ្នំពេញ ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោក ដួង មាសចំរើន និងលោក ផៃ សុខ អនុប្រធាន ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានបើកប្រជុំសកម្មភាព ការងារត្រីមាសទី១ ចាប់ពីខែមករា ដល់ មីនា ឆ្នាំ២០២៣ និងចូលរួមអាជ្ញាធររដ្ឋបាល ខេត្តសៀមរាប និងគណៈកម្មាធិការជាតិ កីឡាអាស៊ីអាគ្នេយ៍កម្ពុជា លើការត្រៀមរៀបចំការ ប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ និងកីឡាអត្តពលកម្ម ការបង្ហាញពីតម្រាយ ផ្លូវវិញ្ញាសារត់ម៉ារ៉ាតុង និងវិញ្ញាសាដើរប្រណាំង ។
លោក បូ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តបាននិយាយថា សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តបានអនុវត្តសកម្មភាព ដោយមានការសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធថ្នាក់ជាតិ និងអន្តរជាតិ ស្របទៅតាមផែនការ សកម្មភាពប្រចាំឆ្នាំ ។ ក្នុងត្រីមាសទី១ មន្ត្រីលេខាធិការដ្ឋាន សមាជិកប្រតិបត្តិ និងថ្នាក់ដឹកនាំ របស់សហព័ន្ធ បានខិតខំប្រឹង ប្រែងបំពេញ ភារកិច្ចការងារ ដើម្បីអភិវឌ្ឍន៍ការរៀបចំការ ប្រកួតក្នុងប្រទេស បណ្តុះបណ្តាលធនធាន មន្ត្រីបច្ចេកទេសកម្រិតជាតិ អន្តរជាតិ និងបង្កើនកិច្ចសហប្រតិបត្តការជាមួយអង្គភាពជំនាញ និងដៃគូអភិវឌ្ឍន៍ ដោយសម្រេចបាន នូវលទ្ធផលការងារ ជាច្រើនគួរជាទីមោទនៈ ។
លោកបានបន្តថា យើងបានរៀបចំផែនការ អនុវត្តសកម្មភាពប្រចាំឆ្នាំ២០២៣ មានសូចនាករសម្រាប់វាស់វែងដំណើរការ និង លទ្ធផលការងារ របស់លេខាធិការដ្ឋាន ។ សកម្មភាពប្រជុំ ដើម្បីធានាដំណើរការល្អរបស់អង្គភាព ប្រកបដោយចេរភាព និងអភិវឌ្ឍន៍បានរៀបចំការ ប្រជុំប្រចាំខែ ប្រចាំសប្តាហ៍ មន្ត្រីលេខាធិការដ្ឋាន និង ថ្នាក់ដឹកនាំសហព័ន្ធ ព្រមទាំងបានរៀបចំការប្រជុំត្រៀមកម្មវិធីកីឡាអត្តពលកម្មកុមារ និងរៀបចំការប្រជុំត្រៀម ការបណ្តុះបណ្តាលមន្ត្រី បច្ចេកទេសអន្តរជាតិ ។
អគ្គលេខាធិការបន្ថែមទៀតថា ចូលរួមប្រជុំជាមួយគណៈកម្មាធិការជាតិកីឡាអាស៊ីអាគ្នេយ៍កម្ពុជា ពិនិត្យវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាជាតិ។ ចូលរួមប្រជុំក្រុម ប្រឹក្សាភិបាលកីឡាអត្តពលកម្មអាស៊ី អាគ្នេយ៍ និង បោះឆ្នោតជ្រើសរើស ប្រធាន និងអគ្គលេខាធិការ សហព័ន្ធកីឡាអត្តពលកម្ម តំបន់អាស៊ីអាគ្នេយ៍ ការងារបណ្តុះបណ្តាល ធនធានមនុស្ស មន្រ្តីលេខាធិការដ្ឋាន និងសមាជិកប្រតិបត្តិ បានចូលរួមសិក្ខា សាលាស្តីពីការរៀបចំផែនការ ប្រតិបត្តិរយៈពេលវែងពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០៣០ ជាមួយទីប្រឹក្សាកីឡាអត្តពលកម្មពិភពលោក ពីថ្ងៃទី២៩ ដល់ ៣១ ខែកុម្ភៈ ឆ្នាំ២០២៣ ។
បានរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិ មានអ្នកចូលរួមចំនួន៥០នាក់ ស្រី២៤នាក់ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២០ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។ បានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន១៩នាក់ (ស្រី៤នាក់) ទៅធ្វើការហាត់ហ្វឹកហ្វឺន នៅប្រទេសចិន លើប្រភេទវិញ្ញាសា រត់ល្បឿន រត់ចម្ងាយមធ្យម រត់ចម្ងាយឆ្ងាយ លោតចម្ងាយ លោតកម្ពស់ ចោលដុំដែក និងចោលថាស៕