ភ្នំពេញ ៖ លោក អ៊ឹម បញ្ញារិទ្ធ អភិបាលរងខេតកំពត តំណាងឲ្យលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងបង្រៀនដោយលោក Vijitr Sittiawin ប្រធានស្តីទីសហព័ន្ធទ្រីយ៉ត្លុងអាស៊ី និងជាប្រធានទ្រីយ៉ាត្លុងថៃឡងដ៍ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣បានអញ្ជើញ ចូលរួមបើកសិក្ខាកាមសាលា ស្តីពីគណៈកម្មការបច្ចេកទេសកីឡា ទ្រីយ៉ាត្លុងត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅខេត្តកែប ។
លោក ងិន សុបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបាននិយាយថា សិក្ខាកាមសាលានេះធ្វើឡើងដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយបង្រៀនដោយលោក Vijitr Sittiawin ប្រធានស្តីទីសហព័ន្ធទ្រីយ៉ត្លុងអាស៊ី និងជាប្រធានទ្រីយ៉ាត្លុងថៃឡងដ៍ ។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន ៦៩នាក់ រួមានមន្ត្រីបច្ចេកទេសខេត្តកែប ១៥នាក់ ភ្នំពេញ ១៥នាក់ យុវជនស្ម័គ្រចិត្តខេត្តកែប ២០នាក់ ក្រុមជម្រើសជាតិ១៦នាក់ និងនិងមន្ត្រីថៃ ៣នាក់ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
លោក អ៊ឹម បញ្ញារិទ្ធ បានមានប្រសាសន៍ថា តំណាងឲ្យលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានសេចក្តី សោមនស្សរីករាយមាន សិក្ខាសាលានេះឡើង ខ្ញុំពិតជាមានមោទនភាពបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងសហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា ជាសេនាធិការ បានជ្រើសរើសយក ខេត្តកែប ជាទីតាំងមួយ ក្នុងចំណោម ៥ រាជធានី-ខេត្ត រួមមាន(រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប) សម្រាប់រៀបចំព្រឹត្តិការណ៍ ប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត លើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជារងចាំអស់រយៈពេល ៦៤ឆ្នាំ ទើបមានឱកាសរៀបចំព្រឹត្តិការណ៍ កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៏នេះឡើង។
លោកបន្តថា តាមគោលការណ៍អាស៊ាន និងក្នុងនាមជាប្រទេសសមាជិកអាស៊ាន ទាំងអស់ ត្រូវមានភារកិច្ចទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម តាមលំដាប់លំដោយឈ្មោះប្រទេស និង ទៅតាម លទ្ធភាពដែលសាមីប្រទេសអាចទទួលរៀបចំធ្វើបាន។ ពិតណាស់ការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការប្រកួតកីឡា SEA GAMES ឬទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗទៀត គេជ្រើសរើសយកតែប្រទេសដែលមានសុខសន្តិ ភាពពេញលេញ ទាំងនយោបាយ ស្ថេរភាពសង្គម និងសេដ្ឋកិច្ច ។ល។ គេមិនអាចជ្រើសរើសយកប្រទេស ឬ តំបន់ទីតាំងណាដែលអសន្តិសុខ ឬមានសង្គ្រាម មករៀបចំប្រកួតកីឡាផ្សេងៗបាននោះទេ នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសរបស់យើងក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេស តាំងពីចំណុចសូន្យ ពីប្រទេសមានសង្គ្រាមស៊ីវិល រាំរ៉ៃមកជាប្រទេសមានសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងរីកចម្រើន ដល់សព្វថ្ងៃនេះ ។
ហេតុដូច្នេះ ទើបបានជាប្រទេសជាសមាជិកអាស៊ានផ្តល់នូវសេចក្តីទុកចិត្ត និងប្រគល់តួនាទី ក្នុងនាមយើងជាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES លើកទី ៣២ ឆ្នាំ២០២៣៕