កីឡា

Chelsea ទាក់ទង Pochettino

Chelsea បាន​ទាក់ទង​លោក Mauricio Pochettino ដើម្បី​ចរចា​ និង​ពិនិត្យ​លទ្ធភាព​ដែល​លោក​អាច​មក​ដឹកនាំ​ក្លឹប​តោ​ខៀវ ក្នុង​នាម​ជា​អ្នក​ចាត់​ការ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ល្បី​ឈ្មោះ Sky Sports បាន​ឲ្យ​ដឹង​ថា Chelsea បាន​ជួប​ប្រជុំ​ជាមួយ​ភាគី​លោក Pochettino និយាយ​រឿង​ការងារ​អ្នក​ចាត់​ការ​របស់​តោ​ខៀវ​នៅ​រដូវ​កាល​ក្រោយ។

យោង​តាម​ប្រភព​ដដែល Chelsea ចង់​បាន​ Pochettino ដោយ​ក្លឹប​កោត​សរសើរ​សមត្ថភាព​របស់​លោក ក្នុង​ការ​ដឹកនាំ​បណ្ដា​កីឡាករ​វ័យ​ក្មេង។ ឯ Pochettino កំពុង​ពិនិត្យ​លទ្ធភាព​ និង​កត្តា​មួយ​ចំនួន​ថា​លោក​គួរ​យក​ការងារ​ហ្នឹង​ ឬ​អត់។

ក្នុង​រដូវ​កាល​នេះ Chelsea បាន​បញ្ចប់​ការងារ​អ្នក​ចាត់​ការ​ពីរ​រូប​រួច​មក​ហើយ ក្នុង​នោះ​រួម​មាន​លោក Thomas Tuchel កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន និង​លោក Graham Potter កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ ទោះ​ជា​ចាយ​លុយ​រាប់​រយ​លាន​ដុល្លារ​ដើម្បី​នាំ​ចូល​កីឡាករ​ឆ្នើម​ជា​ច្រើន​ក៏​ដោយ។

លោក Mauricio Pochettino មាន​បទ​ពិសោធន៍​ធ្លាប់​ដឹកនាំ​ក្លឹប​ល្បី​ឈ្មោះ​មួយ​ចំនួន​រួម​មាន Tottenham Hotspur និង PSG។

កាល​ពី​ខែ​កក្កដា ឆ្នាំ២០២២​ PSG បាន​បញ្ចប់​តំណែង​លោក​ពី​អ្នក​ចាត់​ការ​ក្លឹប ក្រោយ​លោក​កាន់​តំណែង​នេះ​បាន​ប្រមាណ​ ១ ឆ្នាំ​កន្លះ។ លោក​ត្រូវ​បាន​បញ្ចប់​តំណែង​នៅ​ PSG បើ​ទោះ​ជា​លោក​មាន​កំណត់​ត្រា​ឈ្នះ​ខ្ពស់​ក៏​ដោយ ដោយ​លោក​ដឹក​សរុប ៨៤ ប្រកួត ហើយ​ឈ្នះ ៥៥​ លើក ស្មើ ១៥ ដង និង​ចាញ់​តែ ១៤ ប្រកួត​ប៉ុណ្ណោះ៕

Most Popular

To Top