Manchester United និង ខ្សែការពារស្លាប Diego Dalot កំពុងមានអារម្មណ៍ល្អជាមួយគ្នាក្នុងការចរចាតកុងត្រាថ្មី។
យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា ភាគីបិសាចក្រហម និងភាគី Dalot បានចរចាគ្នាឈានដល់វគ្គចុងក្រោយបង្អស់ហើយ ដែលអាចនឹងឈានដល់ការចុះកុងត្រាថ្មី រវាងភាគីទាំងពីរនាពេលឆាប់ៗខាងមុខ។
កុងត្រាបច្ចុប្បន្នមានសុពលភាពរហូតដល់ពាក់កណ្ដាលឆ្នាំក្រោយ។
បើតាមសេចក្ដីរាយការណ៍ដដែល កុងត្រាថ្មីគឺជាកុងត្រារយៈពេលវែង។
យ៉ាងណាក្ដី ប្រភពមិនបានបង្ហើបទេថា កុងត្រាថ្មីនឹងដល់ឆ្នាំណា ហើយឡើងប្រាក់ពលកម្មទំហំប៉ុន្មាននោះឡើយ។
Dalot បានមកចូលរួមជាមួយបិសាចក្រហមកាលពីឆ្នាំ ២០១៨។
បញ្ហាសម្របខ្លួន ដូរគ្រូ របួស និងបញ្ហាផ្សេងៗមួយចំនួនទៀតបានធ្វើឲ្យ Dalot មិនសូវបង្ហាញមុខលេងឲ្យ Man Utd ហើយមានមួយពេលនោះថែមទាំងត្រូវបានក្លឹបដាក់ឲ្យខ្ចីជើងលេងឲ្យ AC Milan រយៈពេលមួយរដូវកាលទៀតផង។
ទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់អ្នកចាត់ការបិសាចក្រហមលោក Erik Ten Hag ខ្សែការពារស្លាប Dalot បានបង្ហាញទម្រង់លេងល្អ ហើយលេងបាន ៤១ ប្រកួត និងស៊ុតចូល ២ គ្រាប់ក្នុងរដូវកាលនេះ៕ ប្រភព៖sabay