ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ក្រុមកីឡាការិនី បាល់បោះជិះរទេះកម្ពុជា ឈ្នះមេដាយមាសដំបូងគេក្នុងព្រឹតិ្តការណ៍ ការប្រកួតកីឡាកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់ពីយកឈ្នះក្រុមកីឡាការិនីថៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
សកម្មភាព នៃការប្រកួតវិញ្ញាសាបាល់បោះនារីជិះរទេះ ៣ទល់៣ វគ្គដណ្តើមមេដាយមាស រវាងក្រុមកីឡាការិនីម្ចាស់ផ្ទះកម្ពុជា និងក្រុមកីឡាការិនីថៃ ដោយម្ចាស់ផ្ទះកម្ពុជាឈ្នះមេដាយមាស បន្ទាប់ពីផ្តួលថៃ ដោយលទ្ធផល ១១ ទល់ ៩ ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
ព្រឹត្តការណ៍ការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២នេះ មានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១,៤២៣នាក់ លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា ក្នុងនោះមានកីឡាករ-កីឡាការិនីកម្ពុជា យើងចំនួន ៣១៧នាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បី ចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិយើង៕









