កីឡា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ដំណើរទេសចរណ៍ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលបានមកដល់ប្រទេសកម្ពុជា ជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះបានធ្វើឡើង ដោយផ្ទាល់នៅវិមានសន្តិភាព ។

ពានបាល់ទាត់ពិភពលោក ធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម បានដឹកតាមជើងហោះហើរ ឯកជនពិសេស (Private Jet) ។ ការមកដល់ពានរង្វាន់ បាល់ទាត់ពិភពលោក ដែលមានតម្លៃ ទាំងការធានារ៉ាប់រង ប្រមាណ ២០០លានដុល្លារ នេះ ធ្វើឡើងក្រោមកម្មវិធីដំណើរ គោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា ។

ការមកដល់ នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូង នៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤ ។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួន ជាការស្វាគមន៍នៃការមកដល់ពាន បាល់ទាត់ពិភពលោកនេះ ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយ និង មោទនភាពជាខ្លាំង ចំពោះការបានទទួលស្វាគមន៍ ចំពោះដំណើរមកដល់ពានរង្វាន់ បាល់ទាត់ពិភពលោកនេះ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រះរាជាណាច្រកម្ពុជា មានកីឡាករ កីឡាការិនី ដែលបានទទួល នូវការបណ្តុះបណ្តាល ជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានា ចំនួនប្រមាណ ២,០០០ នាក់ និងមានប្រមាណជាង ៣,០០០ នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព ។

ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា មានប្រមាណជាង ១០ ម៉ឺននាក់ ។ សម្តេចតេជោបានបន្តថា ពានរង្វាន់បាល់ទាត់ពិភពលោកនាពេលនេះ ក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣,០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់ បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេល ដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡា បាល់ទាត់នេះផងដែរ ។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ សម្តេចតេជោ សូមអោយអ្នកស្នេហាវិស័យកីឡា លើពិភពលោកចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តលើកទី ១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិ ដ៏ធំក្នុងតំបន់ គឺ ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ ។

សម្តេចតេជោបានប្រសាសន៍បន្តថា សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងនាមសម្តេចជាប្រធានអាស៊ាន សម្តេចចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ ផ្ទះការប្រកួតកីឡា បាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ដែលសម្តេចនឹងពិនិត្យ មើលលទ្ធភាពស្នើសុំ ឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត ។ ទន្ទឹមនេះ អាស៊ានគួរពិចារណា លើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ាន ឱ្យកាន់តែរឹងមាំ ជាមួយភាពសុខដុមរមនា រវាងបណ្តាប្រទេសជាសមាជិក តាមរយៈការទាញយកកម្លាំង សេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ាន ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដ៏មានឥទិ្ធពលនេះ ។

សម្តេចតេជោ សូមថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និង ក្រុមហ៊ុនកូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើក ពានរង្វាន់បាល់ទាត់ពិភពលោក និង សូមកោតសរសើរគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ៕

Most Popular

To Top