កីឡា

ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈ្នះមេដាយច្រើនជាងគេ នៃការប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣

ភ្នំពេញ៖ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយច្រើនជាងគេក្នុងចំណោមក្លិបកីឡាតេក្វាន់-ដូ ITF ទំាង១៦ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ នៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២3 របស់ក្រសួងអប់រំ យុវជន និងកីឡា ។

កាលថ្ងៃនៅទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោក កែវ រ៉េមី រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អនុប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ អន្តរជាតិ និងជាប្រធានសហ ព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា លោក JANG YUNGON ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉ និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំយុវជន និងកីឡាបានអញ្ជើញប្រគល់ជយលាភី និងបិទការប្រកួតជាផ្លូវការ។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានប្រព្រឹត្តចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយមានកិច្ចសហការណ៍ជាមួយនាយកដ្ឋាន អប់រំកាយ និងកីឡា និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំសហព័ន្ធបាន ទទួលថវិកាគ្រាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំរុញ និងអភិវឌ្ឍកីឡាតេក្វាន់-ដូ ITF ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីមកពីគ្រប់បណ្តាលសមាគម ក្លឹប ដែលទទួលជ័យលាភីក្នុងការប្រកួតដើម្បីជ្រើសរើសចូលរួមក្នុងក្រុមជម្រើសជាតិ និងត្រៀមលក្ខណៈចូលរួមប្រកួតលក្ខណៈអន្តរជាតិនានា។

ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើង ឯកថ្នាក់ជាតិនេះ មានគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចូលរួមចំនួន១៣៨នាក់ ក្នុងនោះមានកីឡាការិនី ៤៨នាក់ និងកីឡាករចំនួន ៧០ នាក់ គ្រូបង្វឹក និងគណៈប្រតិភូ ២០ នាក់មកពីក្លិបចំនួន១៦រួមមានក្លិបក្រសួងមហាផ្ទៃ ក្លិបខេត្តត្បូងឃ្មុំ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបសាលាអន្តរជាតិអេបផល ក្លិបវិរភាពកីឡា ក្លិបវិឡាល័យ ប៊ុន រានីហ៊ុនសែន កោះដាច់ ក្លិបថ្មស ខេត្តកោះកុង និងក្លិបខេត្តកោះកុង។

លោកអគ្គលេខាធិការបានបន្តថា ក្លិបវិទ្យាល័យពងទឹក ក្លិបក្តីចាស់ ក្លិបជម្ពូវ័ន្តសែនជ័យ ក្លិបវិឡាល័យហ៊ុន សែន តាខ្មៅ ក្លិបមិត្តភាព ក្លិបសេរីភាព ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ និងក្លិបស.ស.យ.ក ខេត្តកំពង់ស្ពឺ ។ ការប្រកួតឆ្នាំនេះមាន ២៣ វិញ្ញាសា ក្នុងនោះវិញ្ញាសាមេគុនមាន ៧ មេគុនពិសេសមាន ១ និងវិញ្ញាសាប្រយុទ្ធមាន ១៥ ប្រភេទទម្ងន់។

ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស ៦ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ក្លិបក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៥ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរិទ្ធ ៤ គ្រឿង ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ ដណ្តើមបានមេដាយមាស ៤ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ៤ គ្រឿង និងក្លិបខេត្តកោះកុងដណ្តើមបានមេដាយមាស ៣ គ្រឿង និងសំរិទ្ធ ៣ គ្រឿង។

ចំណែកក្លិបស.ស.យ.ក ខេត្តកំពង់ស្ពឺដណ្តើមបានមេដាយមាស ២ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ក្លិបក្តីចាស់ដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង ក្លិបមិត្តដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង និងក្លិបសេរិភាពដណ្តើមបានមេដាយមាស ១ គ្រឿង និងសំរិទ្ធ ៣ គ្រឿង៕ ដោយ៖លី ភីលីព

Most Popular

To Top