ភ្នំពេញ ៖ សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ -កីឡាការីនីចំនួន ១០ នាក់ទៅធ្វើការហ្វឹកហាត់ ពង្រឹកសមត្ថភាព បន្ថែមទៀត នៅប្រទេសចិន ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAME 2023 លើកទី៣២ ដែលប្រទេសកម្ពុជា ម្ចាស់ផ្ទះការប្រកួត កាលពីថ្មីៗនេះ ។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានមានប្រសាសន៍ថា ក្រោយពីក្រុម កីឡាករ-កីឡាការិនីលើកទម្ងន់បញ្ចប់ SEA GAME 2023 យើងត្រៀម បញ្ជូនពួកគេចំនួន ១០ នាក់ទៅហ្វឹកហាត់ នៅ ប្រទេសចិនបន្ថែមទៀត ដើម្បីពង្រឹកសមត្ថភាពចូលរួម ព្រឹត្តិការណ៍ការ ប្រកួតកីឡាកម្រិត អន្តរជាតិនានាឆ្នាំ២០២៣ និង២០២៤ ។ ក្នុងនោះគ្រូបង្វឹក និងគ្រូជំនួយ ២នាក់ ព្រមទំាងកីឡាករ-កីឡាការីនីចំនួន ៨ នាក់រួមទំាងមេដាយសំរិទ្ធ SEA GAME 2023 គឺកីឡាការិនី ទ្រី សុភ័ក្រ្តរាជ ។

លោកអគ្គលេខាធិការបានបន្តថា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការីនីចំនួន ១០ នាក់ដូចជា អ្នកគ្រ ទី្រ សុថាវី លោកគ្រូជំនួយ ហាក់ ចាន់ដារ៉ា កីឡាការិនី រើន ស្រីនីត កីឡាការិនី តាន់ ប៉ុច កីឡាការិនី ទ្រី សុភ័ក្រ្តរាជ កីឡាករ ស៊ន ភូ កីឡាករ នី ចាន់ថានន់ កីឡាករ យិន សុខឡេង កីឡាករ ម៉ុន មករា និងកីឡាករ ហាក់ សំណាងរិទ្ធី។

លោកអគ្គលេខាធិការបានបន្តថា ប្រភេទកីឡាលើកទម្ងន់ ក្នុងចំណោមកីឡាទាំង១២ប្រភេទនោះត្រូវចេញដំណើរ ទៅហ្វឹកហាត់នៅប្រទេសចិន នាឆ្នាំ២០២៣ នេះមានរយៈពេល ១២៥ ថ្ងៃចាប់ពីថ្ងៃចេញដំណើរ ហើយអត្តពលិកកម្ពុជា ជាអត្តពលិកសុទ្ធសឹង មានគុណភាពខ្ពស់ៗដែលភាគីចិន ជាអ្នកមកជ្រើសរើស ដោយខ្លួនឯង ៕

