កីឡា

សហព័ន្ធកីឡា ហាប់គីដូកម្ពុជា ប្រគល់វិញ្ញាបនបត្រ និងលិខិតបញ្ជាក់កីឡាករ-កីឡាការិនី ៤៥ នាក់

ប្រភពពី សហព័ន្ធកីឡា

ភ្នំពេញ ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជា នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីប្រគល់កម្រិតលិខិតបញ្ជាក់ និងវិញ្ញាបនបត្រកីឡាហាប់គីដូដល់ក្រុមកីឡាករ-កីឡាការិនី ៤៥ នាក់ដែលបានបញ្ចប់ការសិក្សាវគ្គកម្រិតមធ្យមក្បាច់គុន កីឡាហាប់គីដូក្នុងរយៈពេល៦ ខែ និងមួយឆ្នាំ នៅមណ្ឌលកីឡា ក្រសួងមហាផ្ទៃនៃពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។

ក្នុងឱកាសពិធីប្រគល់នេះ ដោយមានការអញ្ជើញពីសំណាក់លោក គួច ហុង ជៀក អនុប្រធានសហព័ន្ធតំណាងឲ្យលោក លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូកម្ពុជា និងលោកស្រី តឹម រ៉ុង នាយិកាក្រុមហ៊ុនហុងតុងលី ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹកបាននិយាយថា ការខិតខំប្រឹងប្រែងហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនីដែលបានចូលរួមវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាហាប់គីដូនៃកម្រិតនីមួយៗ បានបញ្ចប់ទៅតាមកាលកំណត់ ហើយសិស្សគុនឆ្លងកាត់ការហ្វឹកហាត់រយៈពេលមួយឆ្នាំ ត្រូវប្រឡងបញ្ចប់កម្រិតវិញ្ញាបនបត្រចំនួន ៦នាក់ ក្នុងនោះកីឡាការិនី ៣ នាក់។

សិស្សគុនឆ្លងកាត់ការហ្វឹកហាត់រយៈពេល ៦ខែ ត្រូវប្រឡងបញ្ចប់កម្រិតលិខិតបញ្ជាក់ចំនួន ៣៩ នាក់ ក្នុងនោះកីឡាការិនី ១៤ នាក់។

លោក គួច ហុង ជៀក បានមានប្រសាសន៍ថា សកម្មភាពទំាងនេះ ជាផែនការ មេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យវគ្គបណ្តុះបណ្តាលកីឡាករ-កីឡាការិនីប្រភេទកីឡាហាប់គី ដូឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។

លោកបានបន្តថា សហព័ន្ធខ្វះការឧបត្ថម្ភ សម្រាប់រៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើស ជើងឯកប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងពង្រីកក្លិប តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា ដោយសាតែសហព័ន្ធ មានតែ៥ក្លិបតែ ដូច្នេះសម្រាប់ផែនការមេអាណត្តិថ្មី ឆ្នាំ២០២០-២០២៤ នឹងខិតខំប្រឹងប្រែង ឲ្យអស់សមត្ថភាពក្នុង ការបង្កើតក្លិប និងវគ្គបណ្តុះបណ្តាល ៕ ដោយ៖លី ភីលីព

Most Popular

To Top