ភ្នំពេញ៖ លោក ណយ ផាណា ប្រធានប្រតិភូ និងជាគ្រូបង្វឹក របស់សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ចំនួន ១១ នាក់ទៅចូលរួមការ ប្រកួតកីឡាកាយ សម្ព័ន្ធជ្រើសរើសជើងឯក អាអេរូប៊ិកអាស៊ីលើកទី៨ ឆ្នាំ២០២៣ (8th Aerobic Gymnastics Asian Championship 2023) ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ។
លោក ណយ ផាណា បានមានប្រសាសន៍ថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកអាអេរូប៊ិកអាស៊ីលើកទី៨ ឆ្នាំ២០២៣ កីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១១ នាក់លើ ៤ វិញ្ញាសា ដូចជាវិញ្ញាសា IM ឯកត្តជនបុរស វិញ្ញាសា IW ឯកត្តជននារី វិញ្ញាសា 3-TRIO និងវិញ្ញាសាជាក្រុម ។
ចំណែក ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១១ នាក់ រួមមារូបលោកជាគ្រូបង្វឹកធំ លោក សោ សុផេង គ្រូជំនួយ កញ្ញា សោ សុគីម គ្រូជំនួយ កីឡាការិនី ស៊ីវ ចន្ថា កីឡាការិនី ឌឹម អ៊ន ធីតា កីឡាការិនី ណេម សុខហេង កីឡាការិនី ឈួន សុវណ្ណបញ្ញា កីឡាការិនី ណែម មិនា កីឡាការិនី ឈួន ស្រីនាត កីឡាការិនី សួស ស្រីពៅ និងកីឡាករ ត្រន ប៊ុនធឿន ។
លោកគ្រូបានបន្តថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដឹកនាំដោយលោកបណ្ឌិតទេសមន្ត្រី ប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុង ការជំរុញលើកទឹកចិត្ត ឲ្យហ្វឹកហាត់ និងចូលរួមការប្រកួត ឲ្យបានច្រើនតាម ផែនការអភិវឌ្ឍ កីឡាកាយសម្ព័ន្ធប្រចាំឆ្នាំ ។ ការប្រកួតនេះ មានសារសំខាន់ ក្នុងការពង្រឹងសមត្ថភាព និងបង្កើនបទពិសោធន៍ ប្រកួត ពិសេសពង្រឹង ស្មារតីប្រកួតដល់កីឡាករ- កីឡាការីនិកាយសម្ព័ន្ធជម្រើសជាតិ ឲ្យកាន់តែមានស័ក្ដិសិទ្ធិភាព និងមុតស្រួច ។
ហើយក៏ជាពេលវេលាត្រូវ វាស់ស្ទង់សមត្ថភាពបច្ចេកទេស នៃការហាត់ហ្វឹកហ្វឺនកន្លងមក ដើម្បីឆ្ពោះទៅរកឧត្តមភាព ជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍អន្តរជាតិ នានាក្នុងឆ្នាំ២០២៤ និងកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ។ រាល់ការប្រកួតមិនមែនបទពិសោធន៍ឡើយ យើងត្រូវដាក់គោលដៅ ដើម្បីទទួលយកគុណផល និងលទ្ធផលជូនប្រទេសជាតិ ចំពោះការប្រកួតលើនេះ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា នឹងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បី ទទួលបានលទ្ធផលល្អ ៕
ដោយ៖លី ភីលីព