កីឡា

លោក ណយ ផាណា ៖ វគ្គនេះធ្វើឡើងពង្រឹង សមត្ថភាព បច្ចេកទេសគ្រូជំនាញ ប្រភេទកីឡាកាយសម្ព័ន្ធ ឲ្យកាន់តែមាន ភាពច្បាស់លាស់ ទាំងគុណភាព និងបរិមាណ

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាកំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយ សម្ព័ន្ធកម្រិត១ និងបោះជំរំឆ្នាំ២០២៣ ដើម្បីបំប៉នបច្ចេកទេសថ្មីៗដល់ លោកគ្រូ និងអ្នកគ្រូនៅតាមបណ្តាក្លិបប្រព្រឹត្តិ ចាប់ពីថ្ងៃទី២២ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោមការគាំទ្រថវិកា របស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានសហការជា មួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស ជំនាញកឡាកាយសម្ព័ន្ធកម្រិត១ (Academy Level 1 In Aerobic Gymnastics and Training Camp) ថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដោយផ្អែកតាមផែនការ សកម្មភាពឆ្នាំ២០២៣ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហការណ៍ជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាល បច្ចេកទេសគ្រូជំនាញកម្រិត១ (Academy Level 1 In Aerobic Gymnastics and Training Camp) ដើម្បីពង្រឹងនូវគុណភាព បច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ ប្រភេទកីឡា កាយសម្ព័ន្ធឲ្យមានការ យល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈ ឲ្យបានល្អសម្រាប់ ចំណេះជំនាញមួយនេះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាជាតិនាពេលខាងមុខ ។

ជាពិសេសគឺពង្រឹងសមត្ថភាពបច្ចេកទេសគ្រូជំនាញ ប្រភេទកីឡាកាយសម្ព័ន្ធ ឱកាន់តែមានភាពច្បាស់លាស់លើការងារជំនាញមួយនេះ ទាំងគុណភាព និងបរិមាណ ។ វគ្គនេះគាំទ្រដោយកញ្ចប់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា បានទម្លាក់ជូនសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងគោលបំណងពង្រឹង សមត្ថភាព ក្នុងកញ្ចប់បណ្តុះបណ្តាលធនធានមនុស្ស ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ។

វគ្គបច្ចេកទេសគ្រូជំនាញកម្រិត១ (Academy Level 1 In Aerobic Gymnastics and Training Camp)នេះ ត្រូវបានអញ្ជើញមកបង្រៀនដោយគ្រូឧទ្ទេស លោក ណយ ផាណា និងលោកគ្រូជំនួយ សោ សុផេង ជាគ្រូជំនាញ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលមានកម្រិតបច្ចេកទេស FIG Academy Level I and Level II in Artistic and Aerobic Gymnastics ។ វគ្គសិក្សានេះមានសិក្ខាកាមចូលរួមចំនួន ២២នាក់ មកពីក្លិប ខេត្តក្រចេះ ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ។ លោកអគ្គលេខាធិការបានបន្តថា ឆ្លងកាត់ការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្ដែង សិក្ខាកាមទាំង២២នាក់ មាននារី៨នាក់ បានទទួល ការយល់ដឹងមានរួមនិទ្ទេសល្អចំនួន១២នាក់ ស្មើ៥៤,៥៤ ភាគរយ និទ្ទេសល្អបង្គួរចំនួន ៦នាក់ ស្មើ២៧,២៧ភាគរយ និងនិទ្ទេសមធ្យមចំនួន ៤នាក់ស្មើ១៨,១៨ ភាគរយ ។

ឆ្លងកាត់ការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង របស់សិក្ខាកាមចាប់ពីថ្ងៃ២២-២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានបង្ហាញឲ្យឃើញអំពីការយល់ដឹង បន្ថែមលើទ្រឹស្តី និងការអនុវត្តជាក់ស្ដែងផ្ទាល់នៃប្រភេទកីឡាកាយសម្ព័ន្ធគ្រូបង្វឹកកម្រិត១ (Academy Level 1 In Aerobic Gymnastics and Training Camp) ព្រមទាំងលើកកម្ពស់នូវកម្រិតសមត្ថភាព បច្ចេកទេស និងដកស្រង់បាននូវបទពិសោធន៍ល្អៗ ថ្មីៗថែមទៀត រវាងគ្រូមកពីបណ្តាក្លឹបផ្សេងគ្នា និងបង្កើនសមត្ថភាព គុណផលកម្រិតខ្ពស់ដល់កីឡាករ កីឡាការិនី ជាពិសេសវគ្គនេះបានការយល់ដឹងដល់លោកគ្រូ អ្នកគ្រូអំពីការផ្លាស់ប្តូរ ច្បាប់ថ្មី ២០២១-២០២៤ ផងដែរ ។

បើសិនមានលទ្ធភាពធ្វើការ សិក្សាតាមរយៈបើកវគ្គបច្ចេកទេសគ្រូជំនាញ និងសិក្ខាសាលា ឬធ្វើការបោះជំរំ (Training Camp) ឱ្យបានញឹកញាប់ ជារៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកាន់តែមានការយល់ដឹង លើបច្ចេកទេសជំនាញ និងលើកកម្ពស់គុណផលកម្រិតខ្ពស់ដល់កីឡាករ កីឡាការិនីនៃប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជា របស់ព្រះរាជាណាចក្រកម្ពុជា ឈានទៅរកសក្តានុពល ឧត្តមភាព និងភាពជោគជ័យ ជូនប្រទេសជាតិមាតុភូមិ ពីការប្រកួត ជាលក្ខណៈអន្តរជាតិនានា ជាពិសេសឆ្ពោះទៅកាន់កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ។

សូមអរគុណចំពោះការគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្ដល់លទ្ធភាព និង ការគាំទ្រ ផ្សេងៗដូចជាវគ្គបណ្តុះបណ្តាល គ្រូជំនាញកម្រិត១ ថ្នាក់ជាតិ កម្រិតអន្តរជាតិ ចៅក្រមថ្នាក់ជាតិ និងចៅក្រមអន្តរជាតិ និងសូមថ្លែងអំណរគុណ នូវការសម្របសម្រួលទីតាំងពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ប្រកបដោយការ ទទួលខុសត្រូវ ស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ ៕
ដោយ៖លី ភីលីព

Most Popular

To Top