កីឡា

លោក ណយ ផាណា ៖ មេដាយមាសនេះ ជាការខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ក្រុម អត្តពលិកកាយ សម្ព័ន្ធយើង

ដោយ៖NOCC

ភ្នំពេញ ៖ លោក ណយ ផាណា ប្រធានប្រតិភូ និងជាគ្រូបង្វឹករបស់សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា មេដាយមាស និងមេដាយសំរិទ្ធដែលទទួលបាន នៃការប្រកួតកីឡាកាយ សម្ព័ន្ធជ្រើសរើសជើងឯក អាអេរូប៊ិកអាស៊ីលើកទី៨ ឆ្នាំ២០២៣ (8th Aerobic Gymnastics Asian Championship 2023) គឺជាភាពជោគជ័យ ដ៏ល្អប្រសើរ និងការខិតខំ ប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ទាំងកម្លាំងកាយ កម្លាំងចិត្ត របស់ក្រុមអត្តពលិក កាយសម្ព័ន្ធយើង ។

លោក ណយ ផាណាបានលើកឡើង នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡា ការិនីចំនួន ១១ នាក់បានត្រឡប់មកពីការ ប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯក អាអេរូប៊ិកអាស៊ីលើកទី៨ ឆ្នាំ២០២៣ (8th Aerobic Gymnastics Asian Championship 2023) ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ។

លោក ណយ ផាណា បានមានប្រសាសន៍ថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកអាអេរូប៊ិកអាស៊ីលើកទី៨ ឆ្នាំ២០២៣ កីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១១ នាក់លើ ៤ វិញ្ញាសា ដូចជាវិញ្ញាសា IM ឯកត្តជនបុរស វិញ្ញាសា IW ឯកត្តជននារី វិញ្ញាសា 3-TRIO និងវិញ្ញាសាជាក្រុម ។
ចំណែក ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១១ នាក់រួមមារូបលោកជាគ្រូបង្វឹកធំ លោក សោ សុផេង គ្រូជំនួយ កញ្ញា សោ សុគីម គ្រូជំនួយ កីឡាការិនី ស៊ីវ ចន្ថា កីឡាការិនី ឌឹម អ៊ន ធីតា កីឡាការិនី ណេម សុខហេង កីឡាការិនី ឈួន សុវណ្ណបញ្ញា កីឡាការិនី ណែម មិនា កីឡាការិនី ឈួន ស្រីនាត កីឡាការិនី សួស ស្រីពៅ និងកីឡាករ ត្រន ប៊ុនធឿន ។

លោកគ្រូបានបន្តថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ទេសមន្ត្រីប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធ កម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញលើកទឹក ចិត្តឲ្យហ្វឹកហាត់ និងចូលរួមការប្រកួត ឲ្យបានច្រើនតាម ផែនការអភិវឌ្ឍ កីឡាកាយសម្ព័ន្ធប្រចាំឆ្នាំ ដើម្បីការពង្រឹងសមត្ថភាព ជាពិសេសពង្រឹងស្មារតី ប្រកួតដល់កីឡាករ- កីឡាការីនិកាយសម្ព័ន្ធជម្រើសជាតិ ឲ្យកាន់តែមានស័ក្ដិសិទ្ធិភាព និងមុតស្រួច ៕
ដោយ៖លី ភីលីព

Most Popular

To Top