កីឡា

លោក គង់ សុភាព៖ ថៃប្រកាសបញ្ចូលប្រភេទកីឡាទាញព្រ័ត្រក្នុងការប្រកួតកីឡា SEA GAME លើក ទី៣៣ ឆ្នាំ២០២៥

ដោយ៖សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា

ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានបញ្ចូន ប្រតិភូចំនួន២រូប ដឹកនាំដោយលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធ និងលោក គង់ សុភាព អគ្គ លេខាធិការរងសហព័ន្ធ ចូលរួមប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី (Executive Meeting of ATWF) ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លោក គង់ សុភាព លេខាធិការរងសហព័ន្ធបានប្រាប់ឲ្យអនឡាញឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ីដឹកនាំដោយ លោក Madam Mohan អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី និងប្រទេសចូលរួមជាសមាជិកចូលរួមប្រជុំ ចំនួន ៩ប្រទេស រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ ៤ ឥណ្ឌា ណេប៉ាល់ ស្រីលង្កា វៀតណាម ប៊្រុយណេ និងតៃវ៉ាន់ ។

លោកអគ្គលេខារងបានបន្តថា ឆ្លងរបាយការណ៍អនុវត្តការងារ ៤ឆ្នាំកន្លងមក របស់សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី និងកិច្ចប្រជុំស្តីការត្រៀមរៀបចំការប្រកួតកីឡាទាញព្រ័ត្រអាស៊ីលើកទី១៥ ឆ្នាំ២០២៣ និងត្រៀមដាក់វិញ្ញាសា ប្រកួតក្រៅសាល ក្នុងស្រាល និងឆ្នេរខ្សាច់ ។ ការស្នើសុំបញ្ចូលកីឡាទាញព្រ័ត្រទៅក្នុងការប្រកួតកីឡាសិស្ស-និសិ្សតអាស៊ី ជាដើម។

អង្គប្រជុំបានពិភាក្សា និងសមាជិកអង្គបានលើកឡើងថា ចំពោះការត្រៀមរៀបចំ ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកអាស៊ីលើកទី១៥ ក្នុងឆ្នាំ២០២៣ នេះ គឺមានរយៈពេលខ្លី ដូច្នេះ តាមបណ្តាប្រទេសជាសមាជិក សុំលើកការប្រកួតនេះទៅធ្វើនៅឆ្នាំ២០២៤ វិញ និងអង្គប្រជុំបានស្នើប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ។

លោកបានបន្ថែមទៀតថា ដោយមានការពិភាក្សា និងសមាជិកអង្គប្រជុំបានស្នើឲ្យសហព័ន្ធកីឡាទាញព្រ័តអាស៊ីស្នើសុំទៅសហព័ន្ធកីឡាសិស្ស-និស្សិតអាស៊ី ដើម្បីបញ្ចូលវិញ្ញាសាកីឡាទាញព្រ័ត្រទៅក្នុងការ ប្រកួតកីឡាសិស្ស-និស្សិត ខណៈប្រទេសថៃ បានលើកឡើងថា ការប្រកួតកីឡា SEA GAME លើក ទី៣៣ ឆ្នាំ២០២៥ ប្រទេសថៃ នឹងដាក់បញ្ចូលប្រភេទកីឡាទាញព្រ័ត្រ និងឯកភាពគ្នាក្នុងការស្នើសុំការដាក់បញ្ចូលកីឡាទាញព្រ័ត្រក្នុងកីឡាសិស្សិ-និសិ្សត ៕ ដោយ៖លី ភីលីព

Most Popular

To Top