ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាប្រដាល់ សកល មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ គ្រងជើងឯកថ្នាក់ជាតិ បន្ទាប់ពីទទួលបានមេដាយមាស ចំនួន៣គ្រឿង មេដាយប្រាក់ ចំនួន១ គ្រឿងនិងមេដាយសំរឹទ្ធចំនួន១គ្រឿង សរុបទាំងអស់មេដាយ ចំនួន៥គ្រឿង ប្រកួតប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ។

ក្នុងឱកាសពិធីប្រគល់ មេដាយ ជូនក្រុមក្រុមកីឡាករ-កីឡាការិនីមកពីក្លិប និងសមាគមកីឡាប្រដាល់ សកល ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា និងលោក ខូវ ឆាយ ប្រធានមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាថា ការប្រកួតឆ្នាំនេះមានអត្តពលិកប្រមាណ ១០៨ នាក់ ក្នុងនោះមានកីឡាការិនី ៦នាក់ មកពី ២១ ក្លិប សមាគម និងក្រសួងហើយការប្រកួតនេះមានរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី ២៦-២៩ ខែ ធ្នូឆ្នាំ២០២៣នៅសាលតំបូលទូក ប្រដាល់សកល ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។ សម្រាប់លទ្ធផលការប្រកួតវិញ មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិគ្រងជើងឯក ថ្នាក់ជាតិ២០២៣ ក្រសួងមហាផ្ទៃ គ្រងជើងឯករង ចំណាត់ថ្នាក់លេខ ៣ បានទៅលើ រាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ ៤ បានទៅលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចំណាត់ថ្នាក់លេខ ៥បានទៅលើ ក្លិប វិបុលដារិទ្ធិ ខណ្ឌពោធិ៍សែនជ័យ ។

លោកអគ្គបានបន្តថា ក្រុមកីឡាករ-កីឡាការិនី មកពីក្លិប និងសមាគមកីឡាប្រដាល់សកលចំនួន ២១ រួមមានសមាគមកីឡាប្រដាល់សកល ក្រសួងការពារជាតិ សមាគមកីឡាប្រដាល់សកល ក្រសួងមហាផ្ទៃ សមាគមកីឡាប្រដាល់សកលភ្នំពេញ សមាគមកីឡាប្រដាល់សកលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបកីឡាប្រដាល់សកល វិបុសដារិទ្ធ ខណ្ឌពោធិ៍សែនជ័យ ក្លិបកីឡាប្រដាល់សកល សរ សីកីឡា ក្លិបកីឡាប្រដាល់សកលអរុណរៈ ខេត្តកណ្តាល ក្លិបកីឡាប្រដាល់សកល តាឯកដំបងដែក ខេត្តព្រៃវែង និង ក្លិបកីឡាប្រដាល់សកលតាឡីដំរីមានរិទ្ធ ។

ក្លិបកីឡាប្រដាល់សកល ពន្លឺព្រែកឯង ក្លិបកីឡាប្រដាល់សកលកងពលតូចដឹកជញ្ជូនលេខ៩០ ក្លិបកីឡាប្រដាល់សកល សុភានូគុនខ្មែរ ក្លិបកីឡាប្រដាល់សកលនាគរាជមានជ័យ ក្លិបកីឡាប្រដាល់សកល គីរីបាសាក់ ខេត្តបាត់ដំបង ក្លិបកីឡាប្រដាល់សកល បញ្ជាការដ្ឋានកាំភ្លើងធំ ក្លិបកីឡាប្រដាល់សកល គុហាព្រហ្មជ័យខេត្តសៀមរាប ក្លិបកីឡាប្រដាល់សកល តាគ្រាមមានរិទ្ធ ខេត្តបាត់ដំបង ក្លិបកីឡាប្រដាល់សកល ជួន សំណាង និងក្លិបកីឡាប្រដាល់សកល ម្ពុដរាជសីហ៍ ។ ក្លិបកីឡាប្រដាល់សកល អ្នកចម្បាំងក្រុងអង្គរ ក្លិបកីឡាប្រដាល់សកលខេត្តកណ្តាល ដែលមានកីឡាករ-កីឡាការិនី ចូលរួមចំនួនជិត ១៥០ នាក់ ៕


