កីឡា

លោក ម៉ម សុថារិន្ទ ៖ ប្តេជ្ញាសម្រួច យុទ្ធសាសាស្ត្រ លើការបណ្តុះបណ្តាល អត្តពលិកឆ្នើម ត្រៀមចូលរួមការ ប្រកួតជាតិ និងអន្តរជាតិ

ភ្នំពេញ ៖ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាតំណាងឲ្យលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាកិត្តិយស ចូលរួមពិធីប្រគល់មេដាយ និងបិទ ការប្រកួតកីឡាឡើងភ្នំ ជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០២៣ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ​ របស់ក្រសួងអប់រំ យុវជន និងកីឡានៅក្លឹបកីឡាឡើងភ្នំ ភ្នំខ្លាយម៍ ខមម្យូនីធីជីម ។

លោក ម៉ម សុថារិន្ទ បានមានប្រសាសន៍ថា ការរៀបចំការប្រកួតនេះ ជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីបានបញ្ចេញនូវ ទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលអត្តពលិកម្នាក់ៗ បានហ្វឹកហាត់កន្លងមក និងការត្រៀម ប្រកួតជាលក្ខណៈអន្តរជាតិនានាទាំងក្នុងប្រទេស និងក្រៅប្រទេស ។ លទ្ធផលរបស់កីឡាករ-កីឡាការិនីទទួលជ័យលាភី នាពេលនេះ ពិតជាបានមកពីការ ខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូ ព្យាយាមគោរពវិន័យ បានល្អ យកចិត្តទុកដាក់និងគោរពបាន តាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយនេះ ក៏ជាការផ្តល់ឱកាស ជូនគណៈកម្មការរៀបចំការប្រកួត បានដកស្រង់ និងពង្រីកពង្រឹងនូវបទ ពិសោធបន្ថែមទៀតផងដែរ ។

លោកប្រធានបានបន្តថា ដើម្បីអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ការចូលរួមប្រកួត កីឡាSEA GAME ឆ្នាំ ២០២៥-២៧ និងជាពិសេសការត្រៀម លក្ខណៈធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតប្រកួតកីឡា យុវជនអូឡាំពិក អាស៊ីឆ្នាំ២០២៩ សហព័ន្ធកីឡាឡើងភ្នំកម្ពុជា នឹងសម្រួចយុទ្ធសាសាស្ត្ររបស់ខ្លួនលើការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ដែលមានសាកត្តានុពលមន្ត្រីបច្ចេកទេស ឲ្យបានគ្រប់គ្រាន់ក្នុងការចូលរួម ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះផងដែរ ។

លោក ស៊ឹម រ៉ន អគ្គលេខាធិការ សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបាននិយាយថា ដោយអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់សហព័ន្ធ កីឡាឡើងភ្នំកម្ពុជា និងការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ដំណើរការរៀបចំការប្រកួត កីឡាឡើងភ្នំជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅក្លឹបកីឡាឡើងភ្នំ ភ្នំខ្លាយម៍ ខមម្យូនីធីជីម ក្នុងគោលបំណង ជ្រើរើសកីឡាករ កីឡាករិនីល្អៗ មានទេព្យកោសល្យបច្ចេកទេស សមត្ថភាពខ្ពស់ ជាកីឡាករឆ្នើមប្រចាំឆ្នាំ និងដើម្បីត្រៀម លក្ខណៈហ្វឹកហាត់ ចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេស ការប្រកួតកីឡា SEA GAME និងកីឡាករវ័យក្មេងត្រៀម លក្ខណៈឆ្ពោះទៅឆ្នាំ២០២៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា យុវជនអាស៊ីនាឆ្នាំ២០២៩ ត្រូវរៀបចំពិធី បិទ នាពេលនេះ៕

Most Popular

To Top