កីឡា

អ្នកប្រដាល់គុនខ្មែរ ខ្លាចាស់ ផាន់ គ្រាន់ ផ្តួលអ្នកប្រដាល់ថៃ ត្រឹមទឹកទី២ ការប្រកួតកីឡាប្រដាល់ អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5

ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរខ្លាចាស់ ផាន់ គ្រាន់ ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យ នៅខ្លាំងដូចមុន បន្ទាប់ពី អ្នកប្រដាល់រូបនេះ បានផ្តួលអ្នកប្រដាល់ថៃ Ba Bou ឲ្យសន្លប់ត្រឹមទឹកទី២ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។

អ្នកប្រដាល់គុនខ្មែរ សូត្រ វាសនា ក្លិបបក្សីស្លាបដែក បានយកឈ្នះអ្នកប្រដាល់ថៃ Den Phichhet ដោយពិន្ទុ បន្ទាប់ពីពួកគេប្រកួតគ្នា ៥ទឹកពេញមកនោះ អ្នកទំាង ២ នាក់មិនផ្តួលគ្នាឲ្យសន្លប់មុនទឹកទី៥ បានឡើយ ។ ជំនួបរវាងអ្នកប្រដាល់ទាំង២ រូបនេះមានលក្ខណៈតឹងតែងយ៉ាងខ្លាំង ដោយសារទាំងសងខាង សុទ្ធតែមានផ្លែវ៉ៃចេញល្អដូចគ្នា ។

អ្នកប្រដាល់គុនខ្មែរ វាសនា ជាអ្នកប្រដាល់ មានល្អកែង និងជង្គង់នោះក៏វេទនា ដោយសារកណ្ដាប់ដៃ និងស្នៀតទាត់របស់ដែនភិឈីតដែរ តែការវ៉ៃចេញរបស់វាសនាមានប្រៀបលើអ្នកប្រដាល់ថៃរូបនេះ តែបន្តិចបន្តួចប៉ុណ្ណោះ ។ ពួកគេប្រកួតគ្នា៥ទឹកពេញដោយជ័យជំនះបានទៅលើសូត្រ វាសនា ។

ចំណែកអ្នកប្រដាល់គុនខ្មែរ សោម ពិសិដ្ឋ ក្លិបហ្គាឡាក់ស៊ីណាវ៉ាត្រា បានផ្ដួលអ្នកប្រដាល់ថៃ Neth Phayak ឲ្យសន្លប់មុនស្នូរជួង បញ្ចប់ទឹកទី៤។ ៣ទឹកដំបូងការប្រកួតរវាងអ្នកប្រដាល់ទាំង២ ក៏មានលក្ខណៈតឹងតែងដែរ ហើយការវ៉ៃចេញរបស់ពួកគេ មានប្រសិទ្ធិភាពដូចគ្នា ប៉ុន្តែ Neth Phayak ត្រូវពិសិដ្ឋវ៉ៃឲ្យអាជ្ញាកណ្ដាលរាប់ ៨ នៅទឹក ទី៣ ហើយនៅទឹកទី៤គេក៏សន្លប់ក្រោកលែងលែងរួចតែម្ដង ។

អ្នកប្រដាល់ គង់ ហ៊ូវ ក្លិបមេសថ្ងកខេត្តស្វាយរៀងបានប្រើជើងទាត់អ្នកប្រដាល់ថៃ Katha Thep ចំមុខបណ្ដាលឲ្យសន្លប់ធំនៅត្រឹមទឹកទី ២ ប៉ុណ្ណោះ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះគង់ ហ៊ូវចង់ផ្ដួលកាថា ថេបតាំងពីទឹកទី១មកម្ល៉េះ តែអ្នកប្រដាល់ថៃរូបនេះ បានព្យាយាមការពារជើង និងកែងរបស់គង់ ហ៊ូវព្រោះគេដឹងថា អាវុធដ៏ពិសិដ្ឋរបស់គង់ ហ៊ូវគឺទាត់ដែលកន្លងមកមានអ្នកប្រដាល់មិនតិចទេ ដែលសន្លប់ក្រោមទម្ងន់ជើងរបស់គេ ។
អ្នកប្រដាល់គុនខ្មែរ ដែលម្ដង កាពារកែងម្ដងការពារជើងនោះមកដល់ទឹកទី២ ស្មារតីរបស់គេក៏ដូចជាស្រុតចុះធ្វើឲ្យគង់ ហ៊ូវបញ្ចេញមួយជើងចំផ្ទៃមុខ សន្លប់ក្រោកលែងរួចតែម្ដង ។ ចំពោះជំនួបរវាងអ្នកប្រដាល់រួមជាតិក្នុងតំណែង គូពិសេសនោះ អ្នកប្រដាល់អេលីត ប៊ុន តុង ក្លិបនាយកដ្ឋានអង្គរក្សបាន ផ្ដួលអ្នកប្រដាល់ធន បូរីក្លិបកងយោធពលខេមរភូមិន្ទ ឲ្យសន្លប់មុនសហនូរជួងបញ្ចប់ទឹកទី២ ៕
ដោយ៖លី ភីលីព

Most Popular

To Top