ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីចំនួន ៨០ នាក់ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៥ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ នៅអាគារដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការប្រើប្រាស់ ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ។ ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នាពេលនេះ ពិតជាមានសារសំខាន់ក្នុងការពង្រឹង និងលើកស្ទួយ វិស័យកីឡា អុកចត្រង្គជាកេរ្តិ៍មរតកដូនតា ដែលបានបន្សល់ទុកឲ្យដើម្បីធ្វើការអភិវឌ្ឍ វិស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចជាលើឆាកអន្តរជាតិនានា ។
សម្រាប់រូបមន្តប្រកួតឆ្នាំនេះមានលក្ខណៈពិសេស ដោយកីឡាករចំនួន ៨០ នាក់ធ្វើការប្រកួតជាមួយគ្នានៅជុំទី១ ទម្លាក់កីឡាករ៤០នាក់ យកកីឡាករ៤០នាក់ ឡើងបន្ត ហើយកីឡាករ ៤០ នាក់ ជម្រុះយកកីឡាករ ២០ នាក់ ជម្រុះយកតែកីឡាករ១០ នាក់ ទើបបែងចែកចេញជា ២ ពូល៕




