ភ្នំពេញ ៖ នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ លោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ណយ ផាណា អគ្គលេខាធិការតំណាង ឲ្យលោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាទទួលស្វាគមន៍ ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធ និងកីឡាលើកទម្ងន់ ក្រោយពីបញ្ចប់ការ ហ្វឹកហាត់រយៈពេលយូរនៅប្រទេសចិន ។

លោក សំ សុខយី បានប្រាប់ឲ្យដឹងថា កម្ពុជា បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចំនួន ១១ ប្រភេទកីឡាដោយការហ្វឹកហាត់ នៅប្រទេសចិន មានរយៈពេលវែងចាប់តាំងពីខែសីហា ឆ្នាំ២០២៣ គិតមកដល់ពេលនេះរយៈពេល ៥ ខែទើបបានបញ្ចប់ការហ្វឹកហាត់ ហើយកីឡាកាយសម្ព័ន្ធ និងកីឡាលើកទម្ងន់ ជាក្រុមកីឡាចុងក្រោយគេបានបញ្ចប់ ការហ្វឹកហាត់ ចំណែកកីឡា យូដូ កីឡា វូស៊ូកីឡា កីឡាបាល់បោះ កីឡាបាល់ទះ កីឡាវាយកូនឃ្លីលើតុ កីឡាអត្តពលកម្ម កីឡាវាយសី កីឡាហែលទឹក និងកីឡាចំបាប់បានមកដល់កម្ពុជាហើយ ។

លោកអនុប្រធានបានបន្តថា ចំពោះការហ្វឹកហាត់លើកទី២ នេះមានក្រុមកីឡាករ-កីឡាការិនីចំនួន ១១ ប្រភេទកីឡាចំនួន ១៦០ នាក់ ក្រោយពីបន្តការហ្វឹកហាត់ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា យើងបច្ចេកទេសមានការកើនច្រើន ដោយសារតែពួកគាត់ស៊ាំ ទៅនឹងអាកាសធាតុ ការស្នាក់នៅ និងម្ហូបអាហារ ទើបធ្វើឲ្យពួកគាត់មានរីកចម្រើនខ្លាំង ទាំងបច្ចេកទេស និងទិចនិច ៕



