ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ ជាមួយនាយបេសកកម្ម រាជធានីខេត្តនៅថ្ងៃនេះ ដើម្បីផ្សព្វផ្សាយ គោលការណ៍ បទបញ្ជាបច្ចេកទេស ត្រៀមការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដា្ឋនកីឡា តំណាងលោក វាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានឹងប្រព្រឹត្តិទៅពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡាបានបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៤ត្រូវបានរៀបចំ១២ប្រភេទកីឡា ក្នុងគោលបំណងដូចជាបំផុសសកម្មភាព អប់រំកាយ និងកីឡាតាមគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ត ជួយឲ្យសិស្សានុសិស្ស មានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អ ប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា ។
លោកបានបន្តថា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗ ចូលក្នុងក្រុម ជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា និងបង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នាក្នុងសង្គម ។
លោក ប៉ុន សុខ បានស្នើឲ្យប្រតិភូកីឡារាជធានី -ខេត្តត្រូវឲ្យមានការហ្វឹកហាត់កីឡាករ-កីឡាការិនី មុននឹងបញ្ជូនមកចូលរួម ការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ហើយសូមចូលរួមទាំងអស់គា្នគោរព ឲ្យបាននូវគោលការណ៍ត្រឹមត្រូវ និងសុក្រឹតក្នុងការបញ្ជូនកីឡាករ-កីឡាការិនី តាមអាយុកំណត់ ដែលគណៈកម្មការរៀបចំការប្រកួត មានចែងក្នុងបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសតាមប្រភេទកីឡានីមួយៗ។ គណៈកម្មការ បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ត្រូវកាត់សេចក្ដីនៅលើទីលានប្រកួតមានតម្លាភាព និងយុត្តិធម៌ ស្របតាមលក្ខខណ្ឌ និងបទបញ្ជាបច្ចេកទេសកីឡា ។
គណៈកម្មការរៀបចំការ ប្រកួតគ្រប់ផ្នែកទាំងអស់ ត្រូវបំពេញការងារឲ្យមានប្រសិទ្ធភាព និងអស់ពីលទ្ធភាព ព្រមទាំងត្រូវ មានពេលវេលាគ្រប់គ្រាន់ ក្នុងអនុវត្តការងារ និងទទួលខុសត្រូវលើតួនាទីភារកិច្ចការងារ ដោយឈរលើមូលដ្ឋានការដោះ ស្រាយ ដើម្បីឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន ។
លោកបានបន្តថា ត្រូវធានាឲ្យបានថាពុំមានសមាសភាព គណៈកម្មការរូបណា ជាអ្នកបច្ចេកទេសរៀបចំការប្រកួត ដែលនេះអាចនឹងបង្ក ឲ្យមានបាតុភាពផ្សេងៗ ក្នុងការប្រកួត ហើយត្រូវមានការវាយតម្លៃ និងធ្វើរបាយការណ៍អំពីសមាសភាពដែលមានភាពអសកម្ម និងចំណុចខ្វះខាតផ្សេងៗ ដើម្បីជាមូលដ្ឋាន កែលម្អការរៀបចំប្រកួតឱ្យបានកាន់តែល្អប្រសើរឡើង នាពេលអនាគត ព្រមទំាងត្រូវពិនិត្យតាមដានចំពោះការផ្សព្វផ្សាយនូវព័ត៌មាននានា ដែលនឹងផ្ដល់នូវ ផលអវិជ្ជមានមកកាន់ការប្រកួត ដោយត្រូវយក ចិត្តទុកដាក់ និងរកដំណោះស្រាយឱ្យបានត្រឹមត្រូវ ព្រមទាំងទាន់ពេលវេលា ។
លោកអគ្គនាយកបានបន្ថែមទៀតថា ត្រូវយកចិត្តទុកដាក់ចំពោះការរៀបចំក្រុមគ្រូពេទ្យប្រចាំការទាំងទីតាំងស្នាក់នៅ និងទីលានប្រកួត ដើម្បីបង្ការបញ្ហាសុខ ភាពដែលកើតឡើងជាយថាហេតុណាមួយ ឬការចាំបាច់ត្រូវធ្វើការសង្គ្រោះបឋមផ្សេងៗ ដោយត្រូវសហការជាមួយអាជ្ញ ធរពាក់ព័ន្ធឲ្យបានជិតស្និទ្ធ ព្រមទាំងត្រូវមានសម្ភារពេទ្យ និងទំនាក់ទំនងជាមន្ទីរពេទ្យជាមុន។ សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការសម្របសម្រួលចរាចរណ៍សម្រាប់ប្រតិភូ កីឡាករ កីឡាការិនី នៅតាម បរិវេណទីលានប្រកួត ក្នុងករណីចាំបាច់៕
ដោយ៖លី ភីលីព