ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នៅទីសា្នក់ការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមកម្មពិធីសន្តិសីទ សារព័ត៌មានស្តីពីទិវារត់ព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ នៅខេត្តព្រះសីហនុ ក៏ត្រូវបានមុខនេះ រៀបចំឡើងដើម្បីលើកកម្ពស់ស្មារតីការការពារបរិស្ថាន ឆ្នេរសមុទ្រស្អាត និងពង្រីកវិស័យទេសចរណ៍នៅតំបន់ឆ្នេរ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ នេះផងដែរ។ ដោយសារពេលវេលាត្រៀមរៀប ចំព្រឹត្តិការណ៍លើខាងនេះ សូមស្នើដល់កីឡាករ-កីឡាការិនី អ្នកស្រលាញ់ កីឡារត់ប្រណាំងទាំងឡាយ មេត្តាធ្វើការទំនាក់ទំនង ចុះឈ្មោះឲ្យបានរួសរាន់ ទាន់ពេលវេលាដើម្បីឲ្យគណៈកម្មាធិការរៀបចំ មានពេលវេលា គ្រប់គ្រាន់ក្នុងការរៀប ចំសម្ភារៈឲ្យបានល្អប្រសើរ សម្រាប់អ្នកចូលរួមព្រឹត្តិការណ៍រត់ប្រណាំង។
លោករដ្ឋលេខាធិការនៃក្រសួងអប់រំ បានបន្តថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងមាន ៤ វិញ្ញាសារួមមានរត់ចម្ងាយ ២១ គីឡូម៉ែត្រមានអ្នកចុះឈ្មោះចំនួន ២៥២ នាក់ រត់ចម្ងាយ ១០ គីឡូម៉ែត្រមានអ្នកចុះឈ្មោះចំនួន ៤៥៥ នាក់ រត់ចម្ងាយ ៥ គីឡូម៉ែត្រមានអ្នកចុះឈ្មោះចំនួន ២៩៥ នាក់ និងរត់ចម្ងាយ ៣ គីឡូម៉ែត្រមានអ្នកចុះឈ្មោះចំនួន ១៧០ នាក់។
ឆ្នាំ២០២៤នេះ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងនឹងខិតខំកែលំអឲ្យបានត្រឹមត្រូវតាម លក្ខណស្តង់ដាអន្តរជាតិ និងបង្កើនគុណភាពនៃការរៀបចំ ដូចជាប្រព័ន្ធ Platform ចុះឈ្មោះតាមOnline ក៏ដូចជា ការកែលម្អដល់ផ្នែកផ្សេងៗទៀត សម្រាប់បម្រើដល់កីឡាករ-កីឡាការិនីឲ្យកាន់តែប្រសើរឡើង។
លោកបានបញ្ជាក់ថា ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំងជាផ្លូវការ របស់កីឡាករ-កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រ ទាំងឡាយ គឺជា សក្ខីភាព នៃសាមគ្គីភាព មិត្តភាព និងមោទនភាពជាតិយើង ក្នុងការប្រកួតប្រជែង គុណភាព និង បរិមាណនៃព្រឹត្តិការណ៍រត់ប្រណាំង ជាមួយប្រទេសនានាក្នុងតំបន់អាស៊ីផងដែរ ។
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅដល់ទឹកចិត្ត ស្រលាញ់ គាំទ្រ ក៏ដូចជាការយោគយល់ដល់កង្វះខាតដែលកើតមានឡើង ក្នុងការរៀបចំកន្លងមក។ សូមគោរពជូនពរ ដល់កីឡាករ-កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រទាំងឡាយ បានប្រកបដោយ សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំថ្មី ២០២៤៕
ដោយ៖លី ភីលីព