រាជធានីភ្នំពេញ៖នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានរៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេស សហព័ន្ធកីឡាជាតិ ១០ ប្រភេទកីឡា និងប្រតិភូរាជធានី-ខេត្តទំាង ២៥ ស្តីទីការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៤ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញលោក វ៉ាត់ ចំរើន លោក កែ ប៊ុនខៀង និងលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានរាយការណ៍ថា ប្រកួតកីឡាសិស្សបឋមសិក្សា ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២របស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានសហការការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង ១២ ក្នុងការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
លោកប្រធាននាយកដ្ឋានរៀបចំបានបន្តថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ មានប្រតិភូ កីឡាករ-កីឡាការិនី សរុបចំនួន២៩៦០ នាក់មកពីបណ្តារាជធានី ខេត្ត ចំនួន២៥ លើ១០ប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ-WT តេក្វាន់ដូ-ITF ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក និងគុនដាវ ចំពោះការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤នេះ យើងប្រើប្រាស់ទីលានចំនួន៨ទីតាំង ពហុកីឡដ្ឋានជាតិ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យបឹងត្របែក វិទ្យាល័យ ជា ស៊ីម បឹងកេងកង មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ និងវិទ្យាល័យវត្តកោះ។

លោកប្រធាន បញ្ជាក់ថា ការប្រកួតគោលបំណងបំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ត ជួយឲ្យសិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម។

លោកឧត្តម វ៉ាត់ ចំរើន បានផ្តល់អនុសាសន៍បន្ថែមល្អៗមួយចំនួនដើម្បីឲ្យកិច្ចប្រជុំត្រួតពិនិត្យការងារបច្ចេកទេស និងត្រួតពិនិត្យការងារតាមអនុគណៈកម្មការនីមួយៗ ត្រៀមរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤ ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ៕
