កីឡា

លោក ជា សុមេធី៖ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក

ភ្នំពេញ៖លោក ជា សុមេធី រដ្ឋមន្តី្រក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានក្លាយជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអ្នកដឹកនាំបានចូលរួមលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដើម្បីពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។


លោកបានលើកឡើងឱកាសក្នុងមហាសន្តិបាតវិសាមញ្ញបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅ២០២៤ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាអាណត្តិទី ៥ ឆ្នាំ២០២២ដល់២០ ២៦ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។


លោកប្រធានថ្មីបានបន្តថា ម៉្យាងវិញទៀត ខ្ញុំសូមចាត់ទុកអង្គសន្និបាតនេះ ជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីបានយល់ដឹង និងជ្រួតជ្រាបបន្ថែមពីចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាននឹងកំពុងអនុវត្តសកម្មភាពការងារពីដំណាក់មួយទៅដំណាក់កាលមួយ។ វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ។


រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេស ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព អតីតយុទ្ធជន អតីតមន្រ្តីរាជការមានពិការភាព បានទទួលរបបឧបត្ថម្ភពីរដ្ឋ។ ជនមានពិការភាពគ្រប់ប្រភេទបានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ សេវាអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនមានពិការភាព ត្រូវបានបង្កើតដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការភាព កម្មវិធីអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន បានជួយលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ជនមានពិការភាព។ ជនមានពិការភាពបានពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន តាមរយៈការចងក្រងក្រុមជួយខ្លួនឯង ការរើសអើងជនមានពិការភាពត្រូវបានកាត់បន្ថយ ពង្រឹងទស្សនៈមើលឃើញសមត្ថភាពជនមានពិការភាពប្រសើរជាងមើលឃើញពិការភាព ដោយផ្តល់ឱកាសស្មើភាពគ្នាចំពោះជនមានពិការភាពក្នុងការបង្កើតមុខរបរ ដោះស្រាយការងារ បង្កើនប្រាក់ចំណូល ការធ្វើដំណើរចល័តទី ការអប់រំ សុខាភិបាល សង្គមកិច្ច ការចូលរួមសកម្មភាពនយោបាយ និងការអភិវឌ្ឍសង្គម ហើយសិទ្ធិស្របច្បាប់នៃជនមានពិការភាពត្រូវបានការពារនិងលើកកម្ពស់ ជាពិសេសផ្តោតការយកចិត្តទុកដាក់លើការផ្តល់ឱកាសការងារ និងជំរុញការជ្រើសរើសជនពិការចូលបម្រើការងារតាមក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន តាមអត្រាកំណត់ដោយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។


លោកបានបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឲ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានា ដូចដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា។


អាណត្តិទី ៥ ឆ្នាំ២០២២ដល់២០២៦មានសមាជិកប្រតិបតិ្តចំនួន១៥ រូបរួមមាន៖លោក ជា សុមេធី ជាប្រធាន លោក សែម សុខា លោក សន សុផល លោក មាស សារិន អនុប្រធានអចិន្រៃ្ទយ៍ លោក ហឿន សុផុន អនុប្រធាន លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ លោក សាន់ រតនា អគ្គលេខាធិការរង លោក សើ ណារីត អគ្គលេខាធិការរង លោក ចាប រតនា អគ្គហេរញ្ញិក លោកស្រី ហ៊ួយ ហ៊ួង លោក ឯម ហៀង លោក ងិន សុខគ្រវ៉ារ លោក មាស សារ៉េត លោក អ៊ុង សារ៉ាន់ លោក សឺន សុផារិទ្ធ លោកស្រី ផេង វ៉ាវី និងលោកស្រី អមរា៕


ដោយ៖លី ភីលីព

Most Popular

To Top