កីឡា

ការប្រកួតកីឡា ប្រដាល់សប្បុរសធម៌ កម្ពុជា-ជប៉ុន ចាប់ផ្តើមថ្ងៃទី១០ ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់ Kick Boxing សប្បុរសធម៌កម្ពុជា-ជប៉ុន លើកដំបូងនៅប្រទេសកម្ពុជា ដើម្បីកៀរគរថវិកា ជួយដល់កុមារកំព្រាកម្ពុជា ដែលប្រព្រឹត្តិទៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំងជប៉ុន ក្រោមការសហការរវាង TV TOWER និងសហព័ន្ធកីឡាប្រដាល់ Kick Boxing កម្ពុជា ។

ក្នុងឱកាសប្រកាសជាផ្លូវការ បើកព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់ Kick Boxing សប្បុរសធម៌កម្ពុជា-ជប៉ុនលើកដំបូង នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញពីសំណាក់ លោក តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់ Kick Boxing កម្ពុជា លោក មាស វិចិត្រ អគ្គនាយកក្រុមហ៊ុន LDST Development លោក Shiga តំណាងឲ្យ Promoter មកពីប្រទេសជប៉ុន និងលោកសាស្រ្តា ចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា ។

លោក មាស វិចិត្រ បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់ Kick Boxing សប្បុរសធម៌កម្ពុជា-ជប៉ុន ធ្វើឡើងដើម្បីកៀរគរថវិកា ជួយដល់កុមារកំព្រាកម្ពុជា ដែលជាការចូលរួមចំណែក ដល់សង្គមជាតិផ្នែកមនុស្សធម៌ និងជួយដល់កុមារកំព្រាទំាងនេះ ទទួលបានសិក្សាតាមសាលាផងដែរ ។

ការប្រកួតនេះ មិនមានការលក់ សំបុត្រឡើយ ប៉ុន្តែនៅច្រកចូលទីលានប្រកួត គណៈកម្មការ លោកនឹងប្រអប់សប្បុរសធម៌ ជូនអ្នកគាំទ្រ ដើម្បីឲ្យពួកគាត់ អាចបរិច្ចាគថវិកា តាមចិត្តធម៌របស់ពួកគាត់ ចំណែកក្រុមហ៊ុនលោក នឹងមានថវិកាមួយចំនួនធំទៀតផង ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា ក្នុងនាមប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់ Kick Boxing កម្ពុជា និងរូបលោកផ្ទាល់ពិត ជាសប្បាយចិត្តចំពោះការប្រកួតនេះ សព្វថ្ងៃនេះវិស័យកីឡាប្រដាល់មិនថា ប្រដាល់គុនខ្មែរ និងប្រដាល់ Kick Boxing កំពុងបានទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនឯកជន ។

លោកប្រធានកិត្តិយ បន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ Kick Boxing សប្បុរសធម៌កម្ពុជា-ជប៉ុន ប្លែកខុសពីការប្រកួតផ្សេងៗទៀត ដោយការប្រកួតនេះប្រមូលថវិកា ទៅជួយដល់កុមារកំព្រាកម្ពុជាទៅវិញ៕
ដោយ៖លី ភីលីព

Most Popular

To Top