កីឡា

លោក វ៉ាត់ ចំរើន ៖ ប្រកួតនេះ ធ្វើឡើងក្នុងគោលបំណង បំផុសសកម្មភាព កីឡាតាមគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានកិច្ចប្រជុំជាមួយ នាយបេសកម្មបណ្តារាជធានីខេត្ត និងសហព័ន្ធកីឡាជាតិទំាង ១៣ ត្រៀមព្រឹត្តិការណ៍ការ ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នាព្រឹកថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ក្រោមការសហការ ជាមួយបច្ចេកទេសជាមួយ នឹងសហព័ន្ធកីឡាជាតិទំាង ១៣ ។

ក្នុងឱកាសបើកកិច្ចប្រជុំជាមួយ នាយបេសកម្មបណ្តារាជធានីខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងប្រធាន នាយកដ្ឋាន តំណាងគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡាបាននិយាយថា ការប្រកួតកីឡាឆ្នាំនេះ មាន ១៣ ប្រភេទកីឡា រួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ តេក្វានដូ WTតេក្វាន់ដូ ITF ការ៉ាតេ ស៊ីប៉ាក់តាក្រ គុនដាវ ដែលមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចូលរួមសរុបចំនួន ៣៨ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១,៨០០នាក់ លើវិញ្ញាសាសរុបចំនួន ១០៣ វិញ្ញាសា ដែលមានចំនួនមេដាយសរុបចំនួន ៧១៨ គ្រឿង។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ប្រកួតធ្វើឡើងក្នុងគោលបំណងដើម្បីបំផុសសកម្មភាព កីឡាតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជួយនិស្សិតមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត តស៊ូស្វិតស្វាញសំដៅ ដណ្ដើមបានលទ្ធផលល្អ ប្រសើរលើការប្រកួត លើកទឹកចិត្ត ដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើស បានជាកីឡាករ-កីឡា ការិនីល្អៗ ចូលរួមក្នុងក្រុមជម្រើសជាតិ នាពេលអនាគត ជាពិសេសបង្កលក្ខណៈឲ្យមានការជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួម រស់ជាមួយគ្នាក្នុងសង្គម។

ការរៀបចំព្រឹត្តិការណ៍ កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ សង្ឃឹមថានឹងប្លែកជាងរាល់ដង ព្រោះនៅតាមគ្រឹស្ថាន សិក្សានីមួយៗ គឺបានបញ្រ្ជបផ្នែកអប់រំកាយ កីឡាបានច្រើនតាមរយៈការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសាលាផ្ទាល់ ។
លោក ធិន វិចិត្រ ប្រធានមជ្ឈមណ្ឌលព័ត៌មានវិទ្យា និង ស្ថិតិកីឡា បានបញ្ជាក់ថា ប្រតិភូបណ្តារាជធានីខេត្ត ឲ្យបំពេញពាក្យចូលរួមប្រកួត តាមប្រព័ន្ធឌីជីថល (System) ដើម្បីមានភាពងាយស្រួល និងពន្លឿនដល់ការរៀបចំឈ្មោះកីឡាករកីឡាការិនីទាន់ពេលវេលា។ លោក វិចិត្រ ក៏បានបន្តថា ការដែលប្រតិភូមានការងឿងឆ្ងល់ចំនុចណាមួយ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលព័ត៌មានវិទ្យា ដើម្បីជួយសម្រួល ដល់ប្រតិភូបណ្តារាជធានីខេត្ត៕
ដោយ៖លី ភីលីព

Most Popular

To Top