ភ្នំពេញ ៖ ថ្នាក់ដឹកនាំប្រធាន ក្លិបកីឡាបាល់ទាត់វិសាខា និងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចូលរួមបរិច្ចាគថវិកា ដើម្បីជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផាតាមរយៈព្រឹត្តិការណ៍បាល់ទាត់មិត្តភាព សប្បុរសធម៌ ក្រោមប្រធានបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia Football Super Stars) ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នេះ ។

ថ្នាក់ដឹកនាំប្រធានក្លឹបបាល់ទាត់ វីសាខាបានបរិច្ចាគប្រាក់ ចំនួន ៤០ លានរៀល និងក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបរិច្ចាគប្រាក់ចំនួន ១៥០.០០០.០០០ រៀល ។ ក្រោមការដឹកនាំ ចង្អុលបង្ហាញ និងគំនិតផ្ដួចផ្ដើម របស់ប្រធានក្លិបទំាង២ ហើយនេះពិតជាមានសេចក្ដីសោមនស្សរីករាយ និងគាំទ្រចំពោះការបរិច្ចាគប្រាក់រង្វាន់ នៃដណ្ដើមបានជយលាភីលេខ៣ និងជើងឯកនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) សម្រាប់ជួយដល់ការងារសង្គម ពិសេសមន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាល ដល់កុមារកម្ពុជា តាមរយៈព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ នារសៀលថ្ងៃពុធនេះ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀន» ។

សម្រាប់ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីសប្បុរសធម៌ខាងលើ នឹងមានការប្រកួតចំនួន ២គូ ដោយគូទី១ គឺជាការជួបគ្នារវាងក្រុម Vloggers All Star និងក្រុមបាល់ទះ S&E All Star និងគូទី២ ជាការជួបគ្នារវាងក្រុមCambodia Football Super Stars និងក្រុម Kun Khmer All Star ។

អ្វីដែលពិសេស សម្រាប់ក្រុមបាល់ទាត់ Cambodia Football Super Stars នឹងមានការអញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ដឹកនាំផ្ទាល់ដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាគ្រូបង្វឹកកិត្តិយស ។ រីឯទស្សនិកជន អាចចូលរួមទស្សនាដោយសេរី ចាប់ពីម៉ោង ២រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយក៏នឹងមានទស្សនីយភាព សិល្បៈកម្សាន្ដជាច្រើនផងដែរ ៕
