កីឡា

ក្រុមអត្តពលិកកីឡា កាយសម្ព័ន្ធកម្ពុជាឈ្នះ សំរិទ្ធ ១ គ្រឿងក្នុងការប្រកួតជើងឯក អាអេរូប៊ិកអាស៊ីលើកទី៩ ឆ្នាំ២០២៤នៅវៀតណាម

ភ្នំពេញ ៖ ក្រុមកីឡាករកីឡាកាយសម្ព័ន្ធកម្ពុជា ផ្នែកអាអេរូប៊ិកដណ្តើមមេដាយសំរិទ្ធ ១ គ្រឿងព្រឹត្តិការណ៍ ការប្រកួតកីឡាកាយ សម្ព័ន្ធជ្រើសរើសជើងឯក អាអេរូប៊ិកអាស៊ីលើកទី៩ ឆ្នាំ២០២៤ (៩th Junior and Senior Aerobic Gymnastics Asian Championship 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

ក្រុមកីឡាការិនីកីឡាកាយសម្ព័ន្ធកម្ពុជាផ្នែកអាអេរូប៊ិកវិញ្ញាសា Senior Group (សម្ដែងក្រុមនារី) ដែលឈ្នះមេដាយសំរិទ្ធ ១ គ្រឿងរួមមានកីឡាការិនី ស៊ីវ ចន្ថា កីឡាការិនី ណេម សុខហេង កីឡាការិនី ឌឹម អ៊នធីតា កីឡាការិនី ឈួន សុវណ្ណបញ្ញា និងកីឡាការិនី ម៉ូ ស្រីពៅ។

លោក ណយ ផាណា ប្រធានប្រតិភូ និងជាគ្រូបង្វឹកនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ចំនួន ១២ នាក់ទៅចូលរួម រួមមានរូបលោក ណយ ផាណា ជាគ្រូបង្វឹកធំ លោក សោ សុផេង គ្រូជំនួយ កញ្ញា សោ សុគីម គ្រូជំនួយ កីឡាការិនី ម៉ូ ស្រីពៅ កីឡាការិនី ស៊ីវ ចន្ថា កីឡាការិនី ឌឹម អ៊ន ធីតា កីឡាការិនី ណេម សុខហេង កីឡាការិនី ឈួន សុវណ្ណបញ្ញា កីឡាការិនី ណែម មិនា កីឡាការិនី ឈួន ស្រីនាត កីឡាការិនី សួស ស្រីពៅ និងកីឡាករ ត្រន ប៊ុនធឿន។

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដឹកនាំដោយលោកបណ្ឌិតទេសមន្ត្រី ថោង ខុន ប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញលើកទឹកចិត្ត ឲ្យហ្វឹកហាត់ និងចូលរួមការប្រកួត ឲ្យបានច្រើនតាម ផែនការអភិវឌ្ឍ កីឡាកាយសម្ព័ន្ធប្រចាំឆ្នាំ ។ ការប្រកួតនេះ មានសារសំខាន់ ក្នុងការពង្រឹងសមត្ថភាព និងបង្កើនបទពិសោធន៍ ប្រកួត ពិសេសពង្រឹង ស្មារតីប្រកួតដល់កីឡាករ- កីឡាការីនិកាយសម្ព័ន្ធជម្រើសជាតិ ឲ្យកាន់តែមានស័ក្ដិសិទ្ធិភាព និងមុតស្រួច ។
ការប្រកួតលើកនេះ មានសារសំខាន់ចំពោះក្រុមះត្តពលិកក្នុងការ វាស់ស្ទង់សមត្ថភាពបច្ចេកទេស នៃការហាត់ហ្វឹកហ្វឺន កន្លងមក ដើម្បីឆ្ពោះទៅរកឧត្តមភាព ជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍ អន្តរជាតិនានាក្នុងឆ្នាំ២០២៤ និងកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ។ រាល់ការប្រកួតមិនមែនបទពិសោធន៍ឡើយ យើងត្រូវដាក់គោលដៅ ដើម្បីទទួលយកគុណផល និងលទ្ធផលជូនប្រទេសជាតិ ចំពោះការប្រកួតលើនេះ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បី ទទួលបានលទ្ធផលល្អ៕

Most Popular

To Top