ភ្នំពេញ ៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អ្នកតំណាង គណៈអភិបាល ខេត្តកណ្តាល និងអភិបាលក្រុងភ្នំពេញ អញ្ជើញ កិច្ចប្រជុំត្រៀមរៀបចំកម្មវិធី រត់ភ្លើងគប់ដើម្បីអបអរសាទរ ពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតឆ្នាំនេះយើងបានធ្វើពិធីរត់ភ្លើងគប់ចាប់ផ្តើមចេញ ដំណើរពីខេត្តកែបឆ្ពោះ ទៅខេត្តព្រះសីហនុ ហើយខេត្តទី៣ គឺខេត្តកំពង់ឆ្នាំង នឹងធ្វើឡើងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤ ខេត្តស្វាយរៀង នឹងធ្វើឡើង ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ និងខេត្តកណ្តាល ប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ចេញដំណើរ ពីកន្លែង ប្រារព្វពិធី បើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” មកបញ្ចប់នៅកីឡដ្ឋានជាតិអូឡាំពិក ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ពិធីរត់ភ្លើងគប់នេះ យើងមិនមានការប្រគល់ ខាងរាជធានីភ្នំពេញ នៅព្រំប្រទល់ឡើយ ដោយយើងធ្វើការរត់ រហូតមកដល់ពហុកីឡដ្ឋានជាតិ អូឡាំពិក ក្នុងពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ឆ្នាំនេះ សម្រាប់ពិធីបើកផ្លូវការធ្វើឡើង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡ ដ្ឋានជាតិ អូឡាំពិក ដោយបានការ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោករដ្ឋលេខាធិការក្រសួងអប់រំ បានន្ថែមទៀតថា ដូច្នេះប្រជាពលរដ្ឋ សិស្សនុសិស្ស ស្ថិតភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងខណ្ឌច្បារអំពៅ ទំាងអស់អញ្ជើញ ចូលរួមអបអរសាទរ តាមបណ្តោល ផ្លូវរត់រត់ភ្លើងគប់ ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ៕
ដោយ៖លី ភីលីព




