កីឡា

លោក នុត ពុធដារ៉ា ៖ ការប្រកួតនេះធ្វើឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកអត្តពលិកឆ្នើម និងមានទេពកោសល្យល្អត្រៀមចូលរួមប្រកួតថ្នាក់ជាតិនាពេលខាងមុខ

ខេត្តកណ្តាល៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលតំណាងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាកិត្តិយសក្នុងឱកាសពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅវិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើម ក្រោមការរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

លោក នុត ពុធដារ៉ា បានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជម្រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ នាពេល នេះដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើម និងមានទេពកោសល្យល្អមកប្រមូលផ្តុំហ្វឹកហាត់ត្រៀមចូលរួមប្រកួតថ្នាក់ជាតិនាពេលខាងមុខ។ សព្វថ្ងៃនេះវិស័យកីឡារបស់ខេត្តកណ្តាលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ នេះគឺជាការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់លោកប្រធានការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក និងគណៈគ្រប់គ្រងគ្រឹះស្ថានបឋមសិក្សា ក្នុងខេត្តទាំងអស់ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។

លោកអភិបាលរងខេត្តកណ្តាលបានបន្តថា បើយើងឆ្លុះបញ្ចាំងមកការប្រកួតរបស់យើងវិញ ឃើញថា ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់ យកស្មារតីសាមគ្គីភាព មកអនុវត្តក្នុងការប្រកួតនេះបានល្អប្រសើរ ទាំងសាមគ្គីក្នុងក្រុម និងរវាងក្រុម មួយទៅ ក្រុមមួយទៀតធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។ ចំពោះក្រុមមិនបានទទួលជ័យជម្នះក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្តដើម្បីប្រកួតដណ្ដើម យកជ័យជម្នះនៅឆ្នាំក្រោយៗទៀត ឯក្រុមទទួលបានជ័យជម្នះនាពេលនេះត្រូវស្គាល់ពីភារកិច្ច របស់ខ្លួន គឺត្រូវធ្វើជាតំណាងឲ្យសិស្សបឋមសិក្សាទូទាំងខេត្តកណ្តាលដើម្បីទៅចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។ ដូច្នេះក្មួយៗទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីយកជ័យជម្នះជូនខេត្តរបស់យើង។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំកាយ និងកីឡាបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង ៥ នេះ មានកីឡាករ-កីឡាការិនីចំនួន ៥១៦នាក់ ក្នុងនោះមានកីឡាការិនី ១៩០នាក់មក សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស។

ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF។
ចំពោះប្រភេទកីឡាបាល់ទះកុមារាមាន ៦ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៤ ក្រុមប្រកួតលក្ខណៈវិលជុំ។ ទីតាំងប្រកួតប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ។ រីឯប្រភេទកីឡាបាល់ទាត់កុមារាមាន ៩ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៣ ក្រុមប្រកួតលក្ខណៈវិលជុំទីតាំងប្រកួតប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល ៕

ដោយ៖ លី ភីលីព

Most Popular

To Top