កីឡា

លោក នុត ពុធដារ៉ា អំពាវនាវ ឲ្យរដ្ឋបាល ក្រុង ស្រុក និងលោកប្រធាន ការិយាល័យអប់រំ ត្រូវយកចិត្តទុកដាក់ ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថាន បឋមសិក្សារបស់ខ្លួន

ខេត្តកណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងការប្រកួតនេះ លោកឃើញថា ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់ ប្រកាន់ភ្ជាប់ដោយស្មារតី សាមគ្គីភាពក្នុងការប្រកួតបានល្អប្រសើរ ទាំងសាមគ្គីក្នុងក្រុម និងរវាងក្រុមមួយទៅក្រុមមួយទៀត ធ្វើឲ្យការប្រកួតនេះទទួល បានលទ្ធផលគួរជាទីមោទនៈ។

លោកលោក នុត ពុធដារ៉ា បានលើកឡើង ក្នុងឱកាសអញ្ជើញ ចូលរួមពិធីបិទការប្រកួតកីឡា សិស្សបឋមសិក្សា ជម្រើសជើងឯក ថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នៅកីឡដ្ឋានខេត្តកណ្តាល ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ។

អភិបាលរងខេត្តកណ្តាល បានបន្តថា ចំពោះក្រុមដែលមិនបានទទួលជ័យជម្នះក្នុងឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវ ខិតខំហ្វឹកហាត់បន្ត ដើម្បីប្រកួតដណ្ដើម យកជ័យជម្នះនៅឆ្នាំក្រោយៗ ទៀត ឯក្រុមទទួលបានជ័យជម្នះ នាពេលនេះ ត្រូវស្គាល់ពីភារកិច្ច របស់ខ្លួន គឺត្រូវធ្វើជាតំណាងឲ្យសិស្សបឋមសិក្សាទូទាំងខេត្តកណ្តាល ដើម្បីទៅចូលរួមប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងបាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ ។

លោក អភិបាលរងខេត្តកណ្តាលក៏បានណែនាំឲ្យរដ្ឋបាល ក្រុង ស្រុក ព្រមទាំងលោកប្រធាន ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក និងលោក លោកស្រី ជានាយក នាយិកា គ្រឹះស្ថាន បឋមសិក្សាក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ ការអនុវត្តផ្នែកអប់រំ កាយ និង កីឡា នៅតាមគ្រឹះស្ថានបឋមសិក្សា ដើម្បីឲ្យសិស្សានុសិស្សទទួល បាននូវការវិវត្តន៍ ផ្នែករូបរាងកាយ បញ្ញាស្មារតី និងបណ្តុះបណ្តាលធនធានមនុស្ស ឲ្យចេះស្រលាញ់ ចូលចិត្តលេងកីឡា ស្របទៅនឹង យុទ្ធសាស្ត្រ កំណែទម្រង់ លើផ្នែកអប់រំកាយ និងកីឡាដោយយុវជនម្នាក់ ត្រូវមានជំនាញកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត៕

Most Popular

To Top