ភ្នំពេញ ៖ ការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អង្គរសង្រ្កានឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹកសាទរ សង្រ្កាន្តឆ្នាំថ្មី” ត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដោយមានកីឡាករអុកចត្រង្គ ២៤ រូប មកពីមណ្ឌលទំាង ៧ ប្រកួតប្រជែងស្វែង រកបេក្ខភាពខ្លាំង ៨ រូប ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ដែលនឹងប្រារព្ធធ្វើឡើង ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥ ទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ។

ក្នុងឱកាសពិធីបើការប្រកួតនេះ ទទួលបានកិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC លោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងជាប្រធានក្រុមការងារ រៀបចំការប្រកួត អុកចត្រង្គអង្គរសង្ក្រាន និងលោក ហូយ សូណា ប្រធានបច្ចេកទេសសហព័ន្ធ អុកចត្រង្គកម្ពុជា និងមន្ត្រីសហភាពសហព័ន្ធ យុវជនកម្ពុជាជាច្រើនរូបផងដែរ ។

លោក ហេង សុខគង់ បានមានប្រសាសន៍ថា អ្វីដែលពិសេសនៅឆ្នាំនេះ សម្រាប់ប្រភេទកីឡាអុកចត្រង្គ ក្រោមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ហើយលោក ហ៊ុន ម៉ានី ក៏ជាប្រធានក្រុមការងារ រៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានផង នោះបានជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមប្រកួតកីឡាអុកចត្រង្គរបស់កុមារា កុមារី និងនិស្សិតនានា ។

លោកប្រធានក្រុមការងារ រៀបចំការប្រកួតអុកចត្រង្គអង្គរសង្ក្រានបានបន្តថា កីឡាអុកចត្រង្គនេះ មានតាំងពីបុរាណមក ហើយក៏មានការឆ្លាក់លើ សិលាចារិកតាមជញ្ជាំងប្រាសាទ បុរាណ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទព្រះខ័នជាដើម ។ សម្រាប់ការប្រកួតនេះ ក្រោមគំនិតផ្តួចផ្តើម របស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏មានការរៀបចំឲ្យមានការប្រកួតបន្ថែម ដូចជាជើងឯកកុមារ និងជើងឯកនិស្សិត មហាវិទ្យាល័យ សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ ។ ទាំងនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ដល់វិស័យកីឡាអុកចត្រង្គ តាមរយៈការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាញជាតិរបស់ខ្មែរមួយនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

លោក វ៉ាត់ ចំរើន ក៏បានមានប្រសាសន៍ថា តាមការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ត្រ ការនិយមលេងកីឡាអុកចត្រង្គនេះ នឹងជួយបង្កើនបញ្ញា ស្មារតី របស់ពួកគាត់មានការវិវឌ្ឍខ្ពស់ រហូតដល់ ២ ទៅ ៣ដង ។ ជាក់ស្តែងកន្លងមកការ ប្រកួតជម្រុះផ្នែកកុមារា-កុមារី មកពីសាលាបឋមសិក្សានានា បានចូលរួមចំនួន១១រូប ដែលមានអ្នកខ្លះធ្លាប់ហ្វឹកហាត់ និងលេងកីឡានេះរហូតដល់៦ឆ្នាំមកហើយ ដោយនេះគឺជាការលើកទឹកចិត្តដ៏ល្អ សម្រាប់កុមារា កុមារី សិស្ស-និស្សិតរបស់យើង ដែលជាផែនការ យុទ្ធសាស្ត្រសម្រាប់កម្ពុជា នាថ្ងៃអនាគតផងដែរ ។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការប្រកួតនេះ នឹងស្វែងរកបេក្ខភាពជ័យលាភីចំនួន៤នាក់ ដើម្បីឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៥នេះ នៅខេត្តសៀមរាបផ្ទាល់តែម្តង។ រីឯផ្នែកមហាជនដោយយើងនឹងចម្រាញ់រកស្តេចអុក ក្នុងឱកាសនោះផងដែរ ។ យើងស្វែងរកបេក្ខភាពឆ្នើមៗ ៨នាក់ចុងក្រោយដើម្បីយកទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីអង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាបតែម្តង ។

លោក ហូយ សូណា បាននិយាយថា ដោយឡែកសម្រាប់ការប្រកួតជើងឯកនិស្សិតមហាវិទ្យាល័យ គឺមានកូតាពិសេស ដោយត្រូវប្រកួតវគ្គជម្រុះ នៅកាលថ្ងៃទី២៣ ខែមីនានេះ ដោយជ្រើសរើសយកបេក្ខភាព២នាក់ ដើម្បីឡើងទៅប្រកួតជាមួយបេក្ខភាព៨នាក់ចុងក្រោយ ដំណាក់កាលទី២ (ក្រោយប្រកួតជម្រុះទាំង៧តំបន់) បង្រ្គប់បេក្ខភាព១០ចុងក្រោយ ដើម្បីដណ្តើមពានរង្វាន់ស្តេចអុក អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ។ ដោយឡែក សម្រាប់ការប្រកួតជើងឯកកុមារ គឺប្រកួតតែ២វគ្គទេ ដោយវគ្គទី១ ត្រូវប្រកួតជម្រុះថ្ងៃទី២៣ ខែមីនានៅរាជធានីភ្នំពេញនេះ (ដែលមានបេក្ខភាពចូលរួម ៩នាក់) ហើយបេក្ខភាពជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលទាំងពីរ ស្មើនឹង៤នាក់ ត្រូវបន្តការប្រកួត នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ នៅក្នុងកម្មវិធីអង្គរសង្ក្រាន្ត នៅខេត្តសៀមរាបតែម្តង៕



