រថយន្តដែលមានសមត្ថភាព អាចបើកទាំងនៅលើផ្លូវគោក និងផ្លូវទឹកភាគ ច្រើនគឺមាននៅក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន រថយន្តទាំងនេះ គឺត្រូវបានគេផលិតសមិទ្ធុិផលពិត។ ជាក់ស្ដែងខាងក្រោមនេះគឺរថយន្តប្រាំពីរម៉ូដែលដែលអាច បើកបានទាំងនៅលើផ្លូវគោក និងលើផ្ទៃទឹក។ ចង់ដឹងថាមានម៉ូដែលអ្វីខ្លះ សូមតាមដានដូចខាងក្រោម៖
១. Lamborghini Countach

Lamborghini Countach ត្រូវបានរចនាឡើងដោយត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងពិសេសអាចចុះទៅក្នុងទឹក និងបើកបរបានដោយពុំមានបញ្ហា។ បន្ថែមទៀតនោះវាក៏មានភ្ជាប់ដោយប្រព័ន្ធ Hydraulic Activators ប្រព័ន្ធបូមមានលក្ខណៈពិសេស និង Hydrofoil ដែលស្ថិតនៅផ្នែកខាងមុខរថយន្តដើម្បីជំនួយឲ្យរថយន្តដំណើរការទៅមុខបានដោយរលូន។
២. Dobbertin HydroCar

Dobbertin HydroCar គឺមានសមត្ថភាពអាចប្រែទៅជាទូកកាណូតភ្លាម និងអាចបើកបរនៅលើផ្ទៃទឹកបានដោយងាយ។ ឡានម៉ូដែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីនរបស់ក្រុមហ៊ុន Chevrolet ដែលមានកម្លាំង ៧៦២ សេះ។ នៅផ្នែកតួរថយន្តគឺត្រូវបានផលិតចេញពីប្រភេទដែកអ៊ីណុក ៣០៤ ដូច្នេះវាមិនបង្កឲ្យការច្រែះចាប់នោះទេ។
៣. Rinspeed Splash

ដោយត្រូវបានរចនាឡើងដោយបំពាក់ដោយតួផ្នែកខាងក្រោម ( Hydrofoil ) Rinspeed Splash អាចបើកនៅលើផ្ទៃទឹកកំពស់ 2 Feet ។ រថយន្តត្រូវបានប្រកាសនៅក្នុងឆ្នាំ ២០០៤ ហើយក៏ជារថយន្តដំបូងដែលដំណើរការដោយឧស្ម័នធម្មជាតិ។ Rinspeed Splash ត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទ turbo-charged ស៊ីឡាំងពីរ។ នៅពេលដែលបើកនៅលើទឹកវាអាចដំណើរការបានក្នុងល្បឿន៧៨,៨គ.ម/ម៉ និងនៅលើផ្លូវគោកមានល្បឿន ១៩៩,៥គ.ម/ម៉។
៤. Sea Lion

Sea Lion គឺជាប្រភេទរថយន្តដែលមានល្បឿនដល់ទៅ 125 mph ដោយវាត្រូវបានបំពាក់ដោយម៉ាស៊ីនរ៉ូតារីរបស់ក្រុមហ៊ុន Mazda ជាមួយនឹងកម្លាំង ១៧៤ សេះ។ តួរថយន្តធ្វើពីលោហធាតុអាលុយមីញ៉ូមដែលធ្វើឲ្យរថយន្តមានទម្ងន់ស្រាល។ Sea Lion អាចបើកលើទឹកបានក្នុងល្បឿន ៩៦,៥ គ.ម/ម៉ ដោយមានតម្លៃប្រហែលជា ២៥ ម៉ឺនដុល្លារ។
៥. CAMI Hydra Spyder

Spyder គឺត្រូវបានផលិតដោយក្រុមហ៊ុន Cool Amphibious Manufacturers International (CAMI) ហើយវាអាចប្រើជាឡានស្ព័រ ក៏បាន និង ជាទូកប្រដេញក៏បាន។ Spyder មានម៉ាស៊ីនប្រភេទ Corvette LS2 V8 ទំហំ ៦ លីត្រដែលអាចជំរុញឲ្យរថយន្តមានល្បឿន ២០១,១គ.ម/ម៉ នៅលើផ្លូវគោកធម្មតា និង ល្បឿន ៨៥,២គ.ម/ម៉ នៅលើទឹក។
៦. WaterCar Panther

ចំពោះរថយន្តម៉ូដែលនេះវិញគឺជារថយន្តប្រភេទ SUV ដែលអាចបើកទាំងនៅលើស្ថានភាពផ្លូវគោគធម្មតា ផ្លូវភក់ ផ្លូវខ្សាច់ ហើយថែមទាំងអាចបើកនៅលើទឹកបានទៀតផង។ Panther អាចបើកបរលើផ្លូវគោកមានល្បឿន ១២៨,៧គ.ម/ម៉ និង ៧០,៨ គ.ម/ម៉នៅលើទឹក។ ចំណែកឯម៉ាស៊ីនរបស់វាជារបស់ក្រុមហ៊ុន Honda ប្រភេទ VTEC ទំហំ ៣,៧ លីត្រ។
៧. Gibbs Aquada

Gibbs Aquada ជាផលិតផលរបស់ក្រុមហ៊ុន Gibbs Sports Amphibians របស់ប្រទេសនូវែលហ្សេឡង់។ Gibbs Aquada ដំណើរការដោយម៉ាស៊ីនទំហំ ២,៥ លីត្រប្រភេទ V6 មានកម្លាំង ១៧៥ សេះ។ ល្បឿនធម្មតានៅលើផ្លូវគោកគឺ ១៦០,៩គ.ម/ម៉ និងនៅលើទឹកគឺ ៤៨,២គ.ម/ម៉៕
ប្រភព៖sabay
